ភ្នំពេញ៖ អាជីវកម្មសិប្បកម្មដែកផលិតដងសន្ទូច១កន្លែង និងទីតាំងលក់-ទិញអេតចាយ និងកែច្នៃជ័រអត់ច្បាប់១កន្លែង ដែលកំពុងដំណើរការគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និង លោក សើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខណ្ឌបានចុះបិទកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ហើយទីតាំងសិប្បកម្មផលិតដងសន្ទូច និងលក់ទិញអេតចាយនោះស្ថិតនៅក្នុង ភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សិប្បកម្មដែកខាងលើយីហោ«នូវធារី» ដែលមានម្ចាស់ឈ្មោះនូវធារី អាយុ៤០ ឆ្នាំអាស័យដ្ឋានផ្ទះលេខ 206k ផ្លូវ62 R ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បានបើកដំណើរការធ្វើអាជីវកម្មផលិតដងសន្ទូចសម្រាប់ស្ទូចទូកុងតឺន័រ និងសម្ភារៈធ្ងន់ៗផ្សេងៗទៀតហើយបើករយៈពេលយូរមកហើយដោយគ្មានច្បាប់អនុញ្ញត្រឹមត្រូវឡើយ ដែលការរកសុីនេះគឺចាត់ទុកថាធ្វើឡើងដោយខុសច្បាប់ថែមទៀតផង ។ មិនតែវប៉ុណ្ណោះអ្នករកសុីមួយនេះបានចាត់ទុកអាជ្ញាធរដូចជាទីងមោង និងស្មានថាគ្មាននរណាដឹងទើបបើកសិប្បកម្មអត់សុំច្បាប់បែបនេះ ប៉ុន្តែទោះជាបែបណាមិនអាចលាក់បាំងបានឡើយ ។
ប្រភពដដែលបានបន្តទៀតថានៅមុនពេលឈានដល់ការចុះបិទផ្អាកអាជីវកម្មកម្លាំងបានស្រាវជ្រាវដើម្បីស្វែងរកទីតាំងរោងចក្រ និងសិប្បកម្ម ដែលបានកំពុងធ្វើអាជីវកម្មនៅក្នុងមូលដ្ឋាន ខណ្ឌ ។ ខណៈនោះបានរកឃើញសិប្បកម្មដែកខាងលើបើកកំពុងដំណើរការផលិតដងសន្ទូចដោយគ្មានច្បាប់ទើបកម្លាំងចុះទៅបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន ។ មិនតែប៉ុណ្ណោះកម្លាំងបានដកហូតយកសម្ភារៈបម្រើឲ្យសិប្បកម្មនោះមួយចំនួនដូចជាប៉ុស្តិ៍ផ្សាម៉ាសុីនកាត់ដែកជាដើមយកទៅរក្សាទុកនៅសាលា ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានបន្តថាក្រៅពីសិប្បកម្មដែកខាងលើកម្លាំងបានរកឃើញទីតាំងឃ្លាំងលក់ និងទិញអេតចាយ និងកែច្នៃជ័រមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត និងស្ថិតនៅក្បែរគ្នានោះដែរហើយនេះមានម្ចាស់ឈ្មោះវងសាយ ភេទប្រុស ។ ខណៈនោះកម្លាំងបានសម្រេចបិទអាជីវកម្មផងដែរព្រោះម្ចាស់ទីតាំងមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានហើយទីតាំងអេតចាយនេះងាយ និងមានហានិភ័យកើតឡើងជាយថាហេតុបំផុត ដែលនាំឲ្យប៉ះពាល់ដល់អ្នកជិតខាងចៀសមិនផុតឡើយ ។
ក្រោយបិទផ្អាកអាជីវកម្មទីតាំងសិប្បកម្មដែក និងឃ្លាំងអេតចាយទាំង២ខាងលើកម្លាំងគណៈបញ្ជាការឯកភាពខាងលើមិនបានឃាត់ខ្លួនម្ចាស់នោះឡើយគឺទុកពាលឲ្យពួកគេឡើងទៅសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវទើបឲ្យបើកដំណើរការតទៅទៀត ៕ សុខាសែនជ័យ