ក្រុមអង្គការសិទ្ធិមនុស្ស នៅថៃ បានប្រកាសថា សកម្មជន ជនជាតិថៃចំនួន៣រូប ដែលប្រឈមមុខ ការដាក់ទោស ពីបទប្រមាថព្រះជេស្តា (lese majeste)នោះ បានបាត់ខ្លួន ។ ករណីនេះបានកើតឡើងក្រោយរយៈពេលប៉ុន្មាន ខែប៉ុណ្ណោះ ដែលអ្នករិះគន់របបយោធា និងព្រះមហាក្សត្រថៃ រស់នៅនិរទ្ទេសខ្លួន ត្រូវគេប្រទះឃើញសាកសពនៅតាមដងទន្លេមេគង្គ ជាប់ព្រំដែនឡាវ ។
លោក ប្រាវិត វង់សូវាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីប្រទេសថៃ បានបដិសេធថា សកម្មជនទាំងបីរូបនោះ មិនបានស្ថិតនៅពន្ធនាគារ ក្នុងប្រទេសថៃ ដូច ដែលបានរាយការណ៍ដោយសម្ព័ន្ធសិទ្ធិមនុស្សថៃនោះឡើយ ។ ក្រុមសង្កេតការសិទ្ធិមនុស្ស បានថ្លែងការណ៍ថា សកម្មជន Chucheep Chiwasut ដែលផ្សព្វផ្សាយ អត្ថបទវិភាគ បទវិចារណកថា អំពីប្រទេសថៃ ពីទីតាំង ដែលរស់នៅនិរទ្ទេសខ្លួន និងសកម្មជនសមាជិក២នាក់ទៀត ឈ្មោះ Siam Theerawut និងឈ្មោះ Kritsana Thapthai ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន បញ្ជូនឲ្យអាជ្ញាធរថៃ កាលពី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។
លោក ប្រេដ អាដាំ នាយកអង្គការសិទ្ធិមនុស្សអាស៊ី បានថ្លែងថា អាជ្ញាធរវៀតណាមបានចាប់បង្ខំដោយសម្ងាត់ បញ្ជូនសកម្មជនល្បីឈ្មោះថៃទាំង៣រូបនេះ ឲ្យទៅអាជ្ញាធរប្រទេសថៃ ។ សកម្មភាពនេះ បានធ្វើឲ្យរញ្ជួយជាខ្លាំង និងការចាប់អារម្មណ៍ ពីសំណាក់សហគមន៍អន្តរជាតិ ។
អង្គការលើកលែងទោសអន្តរជាតិ មូលដ្ឋាននៅទីក្រុងឡុង បញ្ជាក់ថា សកម្មជន Chucheep ជាយូរមកហើយ ប្រឈមមុខការចោទប្រកាន់ពីបទ រំលោភបំពានច្បាប់ ប្រមាថព្រះជេស្តា ឬប្រមាថព្រះមហាក្សត្រ ។ ចំណែក សកម្មជន Siam និង Kritsana ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ពីបទប្រមាថព្រះមហាក្សត្រផងដែរ ។
អង្គការសម្ព័ន្ធសិទ្ធិមនុស្ស មូលដ្ឋាននៅអាមេរិក ផ្សព្វផ្សាយដំបូងគេថា សកម្មជន Chucheep ឬ ដែលស្គាល់ថា អ៊ុំ Sanam Luang នោះ ត្រូវគេបញ្ជូនឲ្យត្រឡប់ទៅប្រទេសថៃវិញហើយ ។ ប្រភពថា សកម្មជនទាំង៣រូបនេះ ត្រូវបានបង្ហាញខ្លួន… តាំងពីមួយ ខែមិនម្ល៉េះ ។ ប៉ុន្តែពួកគេទើបតែត្រូវបញ្ជូនចេញពីវៀតណាម ទៅអាជ្ញាធរថៃ កាលពី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះទេ ៕