ភ្នំពេញ ៖ រថយន្តដឹកជញ្ជូនខ្សាច់ ដី ដែលដឹកលើសចំណុះ ធ្វើឲ្យជ្រុះធ្លាក់ហុយ តាមដងផ្លូវ ដោយរថយន្តមិនបានបំពាក់នូវសម្ភារគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេស និងអាចបង្កឧបទ្ទវហេតុ ឬគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌឫស្សីកែវ ចុះឃាត់ជាច្រើនគ្រឿង ហើយហៅម្ចាស់ការដ្ឋានឬដេប៉ូខ្សាច់ មកធ្វើការណែនាំរបស់សាលាខណ្ឌ ប៉ុន្តែបើម្ចាស់ការដ្ឋាន និងដេប៉ូខ្សាច់មិនអនុវត្តតាមការផ្សព្វផ្សាយ ឬសេចក្ដីជូនដំណឹង ឬកិច្ចសន្យានោះ និងមានវិធានការតាមច្បាប់។
តាមសម្តីប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវលេខ៥៩៨ចាប់ពីកែងផ្លូវជាតិលេខ៥ រហូតដល់រង្វង់មូលខាំខូស៊ីធី និងផ្លូវជាតិលេខ៥ចាប់ពីក្រោមស្ពានជ្រោយចង្វា រហូតដល់ខណ្ឌព្រែកព្នៅ បានឲ្យដឹងនៅថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព . ស ២៥៦២ ត្រូវ នឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៩នេះថា មានដេប៉ូខ្សាច់ជាច្រើនកន្លែង ហើយមានរថយន្តដឹកខ្សាច់កំពុងចរាចរណ៍យានយន្តរបស់ខ្លួនលើផ្លូវនេះដឹកដីដឹកខ្សាច់ពេញហៀរ ដោយមិនមានការគ្រប ឬបិទបាំងអ្វីទេ ហើយខ្សាច់ និងដី បានជ្រុះធ្លាក់កំពប់រាយប៉ាយពេញផ្លូវ បណ្ដាលឲ្យប្រឡាក់ផ្លូវ និងហុយទ្រលោម ។
ជាងនេះទៅទៀតក៏មានការឃុបឃិតគ្នាខួងផ្លូវជាតិលេខ៥ ដែលជាផ្លូវលំដាប់អន្តរជាតិ ដាក់ទុយយោបូមខ្សាច់ជាច្រើនកន្លែងដើម្បីចាក់ខ្សាច់លុបបឹង និងព្រែកធម្មជាតិមួយចំនួន នៅតំបន់នោះ។
ប្រភពបន្តថា បច្ចុប្បន្នផ្លូវជាតិលេខ៥ និងផ្លូវជាសុផារ៉ា ហៅ៥៩៨ដោយសារតែរថយន្តធំៗដឹកដីដឹកខ្សាច់បានជ្រុះធា្លក់ពេញផ្លូវពិសេសបានបំផ្លាញផ្លូវនេះខូចខាតជាច្រើនកន្លែង ហើយពួកគាត់ក៏បានសំណូមពរដល់ក្រសួង ឬមន្ទីរអ្នកពាក់ព័ន្ធ មេត្តាមានវិធានការទប់ស្កាត់ផង បើមិនដូច្នេះទេ ម្ចាស់រថយន្ត និងម្ចាស់ដេប៉ូទាំងអស់ នៅតែគឃ្លើនបង្កភាពអនាធិបតេយ្យបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរមិនខាន។
ដោយសារតែបែបនេះ ជាក់ស្តែងនៅពីខែមុនកន្លងទៅ លោកជាពិសី បានបញ្ជាឲ្យកម្លាំងចាប់រថយន្តដឹកខុសបច្ចេកទេសនោះយកមកសាលាខណ្ឌរក្សាទុកជាការព្រមានឲ្យយូរទើបធ្វើកិច្ចសន្យាហើយឲ្យទៅវិញ ។
គួររំលឹកថា សាលាខណ្ឌឫស្សីកែវកាលពីពេលកន្លងមក បានកោះហៅម្ចាស់ការដ្ឋានក៏ដូចជា ម្ចាស់រថយន្តដឹកដី ខ្សាច់ គ្រប់ប្រភេទទូទៅ ប្រជុំណែនាំ ជូនដំណឹង និងផ្សព្វផ្សាយ និងធ្វើកិច្ចសន្យា ៣ដងរួចហើយ ៕ អារុណរះ