កាលពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ឆ្នាំ២០០៣ ពេលនោះ អ៊ីរ៉ាក់មិនមានអាវុធទំនើបៗ ដូចនៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ ។ ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាព វាយប្រហារខ្ពស់ ដោយមានការហ្វឹកហាត់និងធ្វើសមយុទ្ធ ទាំងការពារនិងវាយប្រហារបានយ៉ាងល្អបំផុត ។
នៅពេលនេះដែរ អាមេរិកបានត្រៀមលក្ខណៈបញ្ជូនកម្លាំងទាហាន១២០ពាន់ត្រៀម ទប់ទល់ជាមួយអ៊ីរ៉ង់ ។ ប្រសិនបើសង្គ្រាម អាមេរិក អ៊ីរ៉ង់ផ្ទុះឡើងនោះ អាមេរិក នឹងបញ្ជូនកម្លាំងទាហានទ្រង់ទ្រាយធំ មិនធ្លាប់មាន ទៅកាន់តំបន់ជម្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ។
សារព័ត៌មាន New York Times កាលពីថ្ងៃទី១៣ ខែឧសភា បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Patrick Shanahan នឹងបង្ហាញពីគម្រោងយោធា សម្រាប់ទប់ទល់នឹងអ៊ីរ៉ង់ ដោយអាមេរិកនឹងបញ្ជូនកម្លាំងទាហានដល់ទៅ១២០ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា។
មេទ័ព Joseph F Dunford Jr ប្រធានគណៈទីបញ្ជាការ និងជា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក បានបដិសេធ លើកឡើង ពីគម្រោងបញ្ជូនទាហានខាងលើ ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ លើកឡើងថា ប្រសិនបើអ៊ីរ៉ង់មានសកម្មភាព ណាមួយនោះ គឺជារឿងខុសឆ្គងយ៉ាងខ្លាំង ។
ការប្រឈមមុខតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង ក្រោយពេលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ B-52 ទៅកាន់ ប្រទេសកាតារ ដើម្បីត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់ ។ យន្តហោះទម្លាក់គ្រាប់៤គ្រឿងប្រភេទ B-52H Stratofortress មកពីទីតាំងទ័ព អាកាស Al Udeid ។ យន្តហោះខាងលើ មានសម្ថភាព វាយប្រហារទៅទីតាំងសំខាន់ៗ ដោយមានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះ USS Abraham Lincoln ៕