ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីម្នាក់សង់សំណង់រំលោភព្រំដីអ្នកជិតខាង ត្រូវអាជ្ញាធរខណ្ឌ និងសង្កាត់ចុះផ្អាក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់អាងខ្លួនជាមន្ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាង ត្រូវអាជ្ញាធរខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ចុះធ្វើកំណត់ហេតុ ឲ្យផ្អាកជាបណ្តោះអាសន្ន កាលីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសាលាសង្កាត់ភ្នំពេញថ្មីបានឲ្យដឹហថា ម្ចាស់សំណង់ឈ្មោះ មាស ដូណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាមន្ត្រីពាក់ផ្កាយ១ ស្នាក់ផ្ទះលេខ២៧៨ ភូមិគោកចំបក់ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីមន្ត្រីសាលាសង្កាត់ភ្នំពេញថ្មីបានឲ្យដឹងថា ការដែលអាជ្ញាធរចុះមកហាមឃាត់ម្ចាស់សំំណង់ខាងលើ គឺដោយសារតែសង់រំលោភលើព្រំដីអ្នកជិតខាង និងមានបណ្តឹងទី២ ពីម្ចាស់សំណង់ខាងលើបានសុំច្បាប់ពីអាជ្ញាធរសង្កាត់ ខណ្ឌត្រឹមតែជួសជុលបន្ថែមនៅជាន់ទី២ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់សំណង់បានសង់សំណង់ថ្មីផ្ទុយ នឹងច្បាប់អនុញ្ញាត ទើបអាជ្ញាធរចុះមកធ្វើកំណត់ហេតុផ្អាកសាងសង់បណ្តោះអាសន្ន ។

ប្រភពពីប្រពលរដ្ឋដែលរស់នៅក្បែរនោះបានលើកឡើងថា សម័យនេះ កុំចូលចិត្តយកផ្កាយនៅលើស្មាមកបង្អួតគេបង្អួតឯងពេក ហើយកុំអាងថា ខ្លួនមានផ្កាយពាក់ ហើយចង់ធ្វើអី្វ តាមតែចិត្តនោះ ព្រោះប្រទេសមានច្បាប់ កុំសុំច្បាប់ជួសជុលសោះ បែរជាសង់សំណង់ថ្មី មិនតែប៉ុណ្ណោះ រំលោភព្រំដីអ្នកជិតខាងទៀត។

ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ថា លោកបានឲ្យមន្ត្រីសាលាខណ្ឌចុះទៅហាមឃាត់ម្ចាស់ទីតាំងខាងលើ ឲ្យផ្អាកសាងសង់រង់ចាំដោះស្រាយគ្នាសិន ព្រោះមានបណ្តឹងពីពលរដ្ឋជិតខាង ៕ តុង សីហា


ចែករំលែក៖