ព័ត៌មានទាន់ហេតុការណ៍៖

សុះ ម៉ាច សុំឲ្យអ្នកចម្រៀងរ៉េបបញ្ចប់សង្គ្រាមពាក្យសម្តី

ចែករំលែក៖

ភ្នំពេញ៖ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានថ្លែងសារហួសចិត្តក្រោយពីបានឃើញសង្គ្រាមជាពាក្យសម្តីធ្ងន់ៗ រវាងតារាចម្រៀងរ៉េប នៅកម្ពុជាមួយចំនួន ។ លោកបានទទូចសុំឲ្យពួកគេ បញ្ចប់ជម្លោះមួយនេះ ព្រោះតែអាចជះឥទ្ធិពលមិនល្អដល់ក្មេងជំនាន់ក្រោយ ។

មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងរ៉េបសម័យទំនើប លោក ជា ដេវីត និងអតីតអ្នកចម្រៀងរ៉េប អាចារ្យ ធំ បានបញ្ចេញសារធ្ងន់ដាក់គ្នាទៅវិញមក ក្នុងនោះអាចារ្យ ធំ បានជេរប្រមាថទៅកាន់តារាចម្រៀង ជា ដេវីត រហូតមានការជេរឪពុកម្តាយតារារូបនេះ រហូតដល់ ជា ដេវីត ផ្ញើសារវាយបកយ៉ាងចាស់ដៃរួមទាំងនិពន្ធបទចម្រៀងរ៉េបឌឺដងមិនសំចៃមាត់ ។ ទំនាស់កាន់តែស្រួចស្រាវក្រោយពីគេឃើញលេចវត្តមានអតីតអ្នកចម្រៀង រ៉េប ពូ ឃ្លាំង ចេញមុខច្រៀងក្នុងពិភពសិល្បៈជាថ្មី រហូតអាចារ្យធំចេញមុខរិះគន់ និងវាយប្រហារ ។ ទំនាក់នេះបានធ្វើឲ្យ នេនទុំ ដែលគេដឹងថាជាអ្នកចម្រៀងរ៉េបស្និទ្ធ និងពូឃ្លាំងចេញមុខណែនាំ រិះគន់ឲ្យអាចារ្យធំបញ្ចប់ ប៉ុន្តែជម្លោះកាន់តែរីកធំទៅវិញ រហូតភាគីម្ខាងៗព្រមានបរិហារកេរគ្នាទៅវិញទៅមកផងដែរ ។ ជម្លោះនេះ រងការរិះគន់ខ្លាំងពីអ្នកគាំទ្រ និងមហាជនជាខ្លាំងផងដែរ ។

តារាចម្រៀងរាមច្បង លោក សុះ ម៉ាច បានថ្លែងសារក្នុង ជំហរកណ្ដាលដោយស្នើសុំអង្វរដល់សិល្បករទាំងអស់ដែលកំពុងមានជម្លោះសូមបញ្ចប់ ដោយលោកលើកឡើងថាដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាសិល្បករ ។ លោកថាជម្លោះដែលចង់ចាញ់ចង់ឈ្នះនេះមិនមានអ្វីជារឿងចំណេញនោះទេគឺខាតបង់ទាំងសងខាងតែប៉ុណ្ណោះ ។ លោកបញ្ជាក់ដែរថាមហាជនក៏បានបញ្ចេញទស្សនៈមិនពេញចិត្តចំពោះការបង្កជម្លោះជាពាក្យសម្តីនេះដែរ ហើយវាគឺជាពាក្យឈឺចាប់មួយដែលគួរតែយកមកគិតជាថ្មី ។ លោកក៏ស្នើឲ្យសមាគមសិល្បករខ្មែរ មេត្តាអញ្ជើញសិល្បករដែលមានជម្លោះទាំងអស់ មកជួបទល់មុខគ្នារកដំណោះស្រាយ ដោយការសម្របសម្រួល មុនពេលជម្លោះនេះកាន់តែរីករាលដាលធំឡើង ។

ទោះជាយ៉ាងណាកាលពីថ្មីៗនេះលោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម ធ្លាប់បានផ្ញើសារឲ្យតារាចម្រៀងរ៉េប និង អាចារ្យធំ សម្របសម្រួលគ្នាម្តងរួចមកហើយប៉ុន្តែមិនមានប្រសិទ្ធភាព ។ ប្រធានសមាគមរូបនេះលើកឡើងថា ជំហានបន្ទាប់ និងធ្វើសំណើរឲ្យក្រសួងណែនាំ និងចាត់វិធានការបន្ត៕ វឌ្ឍនា


ចែករំលែក៖