ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកសុីបើករថយន្តលឿនបុករឺម៉កអេតចាយ បណ្តាលឲ្យ​ប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកសុីជាមួយមិត្តភក្តិ បើករថយន្តឡិចសុីសស៊េរីទំនើប NX-200t មួយគ្រឿង ត្រឡប់ទៅផ្ទះ បោះពួយយ៉ាងលឿនដូចហោះ បានជ្រុលទៅបុករឺម៉កអេតចាយបើកដោយបុរសនិងស្ត្រីប្តីប្រពន្ធពីរនាក់​កំពង់ឆ្លងផ្លូវពេញទំហឹងប៉ើងដូចសំឡី បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិចឯកជន ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងនិងលំ ចំណុចមុខវត្តឃ្មួញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពពីម្ចាស់រថយន្ត បង្កបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បើករថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីសNX 200t ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BD- 4445 ទើបនិងចេញពីផឹកសុីជាមួយមិត្តិភក្តិ នៅម្តុំទឹកថ្លា គោលបំណងត្រឡប់ទៅផ្ទះនៅបូរីហ្គ្រេនភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករឺម៉កអេតចាយមួយគ្រឿង បើកដោយប្តីប្រពន្ធពីរនាក់ចេញពីផ្លូវលំ ឆ្លងផ្លូវមកផ្លូវភ្នំពេញហាណូយទិសដៅពីលិចទៅកើតចំពីចំហៀងខាងស្តាំ ពេញទំហឹងប៉ើងប្រមាណជិត៣០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ទាំពីរនាក់ ចំណែករឺម៉កអេតចាយនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយហេតុការណ៍ម្ចាស់រថយន្តបង្កមិនបានរត់គេចខ្លួននទេ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងស្ទូចរថយន្តបង្ក និងរឺម៉ករងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖