ភ្នំពេញ៖ ក្មេងស្រីអាយុ៩ ឆ្នាំម្នាក់ បានវង្វេងឪពុកម្ដាយ ដោយដើរម្នាក់ឯងទាំងកណ្ដាលយប់ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញ និងព្រួយបារម្ភពីសុវត្ថិភាព ក៏ហៅសួរនាំ នាងនិយាយមិនច្បាស់លាស់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវមកនាំយកទៅសាកសួរ ដើម្បីស្វែងរកក្រុមគ្រួសារបន្ត ទើបដឹងថា នាងរស់នៅជាមួយឪពុកម្ដាយ នៅម្ដុំផ្សាររាត្រី ទើបសមត្ថកិច្ចជូនទៅដល់ម្ដុំផ្សាររាត្រី តែនាងមិនសូវស្គាល់ផ្ទះទៀត ទើបត្រឡប់មកសម្រាកនៅស្នាក់ការប៉ុស្តិ៍នគរបាលឫស្សីកែវមួយយប់សិន និងផ្ដល់ដំណឹងទៅវិទ្យុក្នុងស្រុក ឲ្យជួយផ្សាយប្រកាសរកឪពុកម្ដាយ ឬអ្នកណាដែលស្គាល់ប្អូនស្រី មានភិនភាគដូចក្នុងរូបខាងលើនេះអាចមកយកទទួលយកទៅផ្ទះវិញបាន ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់ឬស្សកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្មេងស្រីខាងលើនេះ មានឈ្មោះ ស្រី រត្ន័ អាយុ៩ ឆ្នាំ មានម្ដាយឈ្មោះ ហឿន និងមានឪពុកឈ្មោះ សារឿន ហើយរស់នៅម្ដុំផ្សាររាត្រី ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីលោក ឆាយា វិជ័យ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍ឫស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុប្អូនស្រីខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញដើរតាមផ្លូវតែឯង ដោយព្រួយបារម្ភអំពីសុវត្ថិភាព ណាមួយពាក់កណ្ដាលយប់ទៅហើយ ទើបប្រជាពលរដ្ឋហៅនាងមកសួរនាំ តែនាងឆ្លើយប្រាប់មកមិនច្បាស់លាស់ ហើយខ្លាចមានបញ្ហាអ្វី ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ចុះមកនាំយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំបន្ថែម ។
មន្ត្រីដដែលបន្តទៀតថា លុះមកដល់ស្នាក់ការប៉ុស្តិ៍ សមត្ថកិច្ចបានសាកសួរក្មេងស្រីដែលប្រទះឃើញខាងលើ ហើយរូបនាងប្រាប់ថានាងមានឈ្មោះ ស្រី រត្ន័ អាយុ៩ ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ម្ដុំផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោយពីសួរនាំរួចភ្លាមកម្លាំងប៉ុស្តិ៍ឫស្សីកែវ បានជូនក្មេងស្រីទៅដល់ម្ដុំផ្សាររាត្រីតែម្ដងខណៈពេលទៅដល់ហើយ តែបែរជានាងប្រាប់ថា មិនសូវស្គាល់ផ្ទះទៀត ដោយសារតែពាក់កណ្ដាលអធ្រាត្រហើយ និងស្ងាត់ទៀតនោះ កម្លាំងសមត្ថកិច្ចបាននាំប្អូនស្រីមកសម្រាកនៅស្នាក់ការប៉ុស្តិ៍នគរបាលឫស្សីកែវ មួយយប់សិន និងផ្ដល់ដំណឹងទៅវិទ្យុក្នុងស្រុក ដើម្បីជួយប្រកាសរកឪពុកម្ដាយ ឬអ្នកដែលស្គាល់ប្អូនស្រី ដែលមានភិនភាគដូចក្នុងរូបខាងលើនេះ អាចមកយកទទួលយកទៅផ្ទះវិញបាន ។
បច្ចុប្បន្ន ក្មេងស្រីដែលវង្វងឈ្មោះ ស្រីរ័ត្ន ត្រូវបានម្ដាយរបស់នាងបានមកដល់ប៉ុស្តិ៍ ដោយយំឱបកូនទាំងទឹកភ្នែក និងថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ រួចនាំកូនត្រឡប់ទៅផ្ទះវិញ ៕អារុណរះ