ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដែលជាអ្នកបើករថយន្តកុងតឺន័រ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យលោកតា និងចៅស្លាប់២នាក់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជារមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ។
ជនជាប់ចោទមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ ឆ្នាំ ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ ហួត សារុំ ភេទប្រុស អាយុ៥៧ ឆ្នាំមុខរបរជាកសិករ ស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាជីតា ។ រីឯចៅស្រីឈ្មោះ រុំ ដាណេអាយុ៩ ឆ្នាំ និងចៅម្នាក់ទៀត រងរបួសស្រាល ឈ្មោះ រុំ សំណាងភេទប្រុស អាយុ២ ឆ្នាំ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៤ និង១៥នាទី ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ បំបែកជាបួន ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសរងគ្រោះបានជិះម៉ូតូឌុបចៅប្រុសស្រីទៅលេងឪពុកម្ដាយរបស់ពួកគេ នៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក ។ លុះត្រឡប់មកវិញ ត្រូវបានរថយន្តហ៊ីណូ បុកម៉តូតាពីក្រោយ រួចកិនស្លាប់ទាំង២នាក់ នៅ និងកន្លែងតែម្តង ។ ចំណែកចៅប្រុសតូចបានខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី និងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ ប៉ុន្ដែអ្នកបើកបររថយន្ដ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នសិន ដើម្បីសម្រេចនៅពេលក្រោយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គេសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារតែអ្នកបើករថយន្តធុនធំ ធ្វេសប្រហែស ខ្ជីខ្ជារមិនប្រុងប្រយ័ត្នក្នុងការបញ្ជាចង្កូត បណ្ដាលឲ្យស្លាប់អ្នកដទៃ និងខូចខាតទ្រព្យសម្បត្តិ ដូច្នេះប្រជាពលរដ្ឋសូមពរដល់ម្ចាស់អាជីវកម្ម និងតាមបណ្ដាក្រុមហ៊ុនទាំងអស់ គួរតែមានការណែនាំដល់អ្នកបើកបររបស់ខ្លួន ឲ្យមានការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងករណីគ្រោះថ្នាក់ណាមួយជាយថាហេតុ ៕ ស តារា