ក្រសួង ពាណិជ្ជកម្ម អាមេរិក នឹង កាត់បន្ថយទណ្ឌកម្មមួយចំនួនទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ ក្រោយដាក់ចូលក្នុងបញ្ជីខ្មៅ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា នឹងផ្តល់លិខិតអនុញ្ញាត បណ្តោះអាសន្ន ដែលមានសុពលភាព៩០ថ្ងៃ ដល់ក្រុមហ៊ុននេះ ដើម្បី ជួយទប់ស្កាត់ការរាំងស្ទះ ប្រភពផ្គត់ផ្គង សម្ភារបច្ចេកវិទ្យា។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលចិន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក ។ ទន្ទឹមនឹងនោះ ចិនក៏បានសម្រេចផ្អាករាល់កិច្ចពិភាក្សាជាមួយអាមេរិក ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខា តចំពោះបណ្ដាប្រទេសដទៃទៀត ដែលដាក់ទណ្ឌកម្មជាឯកតោភាគី ទៅលើអង្គភាពជំនួញរបស់ចិន ដែលជាការឆ្លើយតបទៅនឹងបម្រាមចុងក្រោយបំផុតរបស់អាមេរិក ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កាវ ហ្វឹង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ថា សហរដ្ឋអាមេរិកគួរតែបញ្ចៀសផលប៉ះពាល់បន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ចិនបានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងមកលើក្រុមហ៊ុន Huawei អាចប៉ះពាល់ដល់ដំណើរការចរចាពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដាក់បន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាHuawei (Huawei Technologies Co) និងសាខាក្រុមហ៊ុនចំនួន៧០ ទៅនឹងអ្វីដែលខ្លួនហៅថា បញ្ជីអង្គភាពជំនួញនៅក្នុងទង្វើមួយ ដែលហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន មិនឲ្យទិញចំណែកផ្សំណាមួយ និងបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយគ្មានការឯកភាពពីរដ្ឋាភិបាលអាមេរិកជាមុន។
កាលពីថ្ងៃពុធកន្លងទៅលោកប្រធានាធិបតីអាមេរិកDonald Trump បានចុះហត្ថលេខាដាច់ដោយឡែកលើក្រឹត្យមួយ ដែលរារាំងក្រុមហ៊ុនអាមេរិកមិនឲ្យប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ដែលបង្កើតឡើងដោយក្រុមហ៊ុននានា ដែលចាត់ទុកថាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ៕