ភ្នំពេញ៖ រថយន្តសាំយ៉ុងបុកម៉ូតូពីក្រោយ ស្រាប់តែមានជនដៃដល់ម្នាក់ចេញមកវាយអ្នកបើករថយន្ត ។ ហេតុការណ៍នេះ បង្កការឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវអូស៊ីអាយស៊ី ខាងជើងរង្វង់មូលនាងមច្ឆា ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7061 បើកដោយបុរសម្នាក់ រួមដំណើរជាមួយភ្ញៀវ ប្រុសស្រីជាច្រើននាក់ ។ ម៉ូតូរងគ្រោះម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-3048 ជិះដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ជិះពីក្រោយ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត បានធ្វើដំណើរតាមផ្លូវអូស៊ីអាយស៊ីពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបត់ឆ្លងផ្លូវពីមុខរថយន្ត បណ្ដាលឲ្យរថយន្តជ្រុលទៅបុកម៉ូតូពីក្រោយ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ដែលមិនមែនជាជនរងគ្រោះនោះទេ បានហក់វាយអ្នកបើក រថយន្តមួយដៃចំមាត់ និងយកមួកសុវត្ថិភាពវាយកញ្ចក់រថយន្តផ្នែកខាងមុខបណ្ដាលឲ្យបែកថែមទៀត ។
បន្ទាប់ពីកើតហេតុ ភាគីខាងរថយន្តប្រញាប់ បន្តដំណើរទៅមុខទៀត មិនបានទៅដាក់ពាក្យបណ្ដឹង ។ ក្រោយពេលកើតហេតុ បុរសជាអ្នកបើករថយន្តសុខចិត្តសងសំណងទៅភាគីម៉ូតូ ដើម្បីព្យាបាលរបួស និងជួសជុលម៉ូតូចំនួន ២៥០ដុល្លារបញ្ចប់រឿងនៅ និងកន្លែង ៕ ជ្រោយពេជ្រ