ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចចូលទិញខោ អាវ ឃើញឱកាសល្អ រួតកាបូប យកលុយបានជិតពីរពាន់ដុល្លារ​ ម្ចាស់ឃើញទាន់ ជិះម៉ូតូតាមប្តឹងសមត្ថកិច្ចឲ្យចាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ចោរប្រុស ស្រី វ័យចំណាស់ចំនួនបីនាក់ បានត្រូវសមត្ថកិច្ចតាមចាប់វាយខ្នោះ​ ខណៈដែលតាំងខ្លួនជាអ្នកទៅទិញខោ អាវ ហើយឃើញឱកាសល្អ​​ ម្ចាស់ផ្ទះរវល់ លួចទៅរួតកាបូបយកលុយបានជិតពីរពាន់ដុល្លារ ហើយនាំគ្នាគេចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣៥នាទីព្រឹក នៅចំណុចតូបលក់ដូរ ក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ០១នាក់ឈ្មោះគា ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរខោអាវមានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ៣នាក់ ស្រី២នាក់ ១.ឈ្មោះទិត្យ អេះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមមន្ទា ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យរាជធានីភ្នំពេញ អ្នកបើកម៉ូតូ(ឃាត់ខ្លួន) ទី០២.ឈ្មោះ ពិន ភីរ៉ាត់ ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ស្រុកបាទីខេត្តតាកែវ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ទី០៣.ឈ្មោះឡឹង គន្ធា ភេទស្រី អាយុ៦៩ឆ្នាំមានទីលំនៅភូមិ ឃុំ ស្រុកកោះធំខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន ) ។

សម្ភារបាត់បង់ ប្រាក់ដុល្លារ ១.១៩៥$ និងវត្ថុតាងចាប់យក៖ម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BJ.5452 ពណ៌ខ្មៅ របស់ជនសង្ស័យ ទិត្យ អេះ ។ ប្រាក់ដុល្លារ ៨៨៥$(ជារបស់ជនរងគ្រោះ ) ។

សាក្សីបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំ និងពេលវេលាដូចខាងលើ ជនរងគ្រោះកំពុងបញ្ចុកបាយកូន នៅក្នុងតូបលក់ដូរ ពេលនោះជនសង្ស័យជាស្ត្រី ០២នាក់បានចូលមកសួររកទិញខោអាវ ឆ្លៀតពេលនោះ ជនសង្ស័យឈ្មោះពិន ភីរ៉ាត់ បានចូលរួតកាបូបដាក់លុយរបស់ជនរងគ្រោះយលុយ១.១៩៥$រួចនាំគ្នាឡើងជិះម៉ូតូទៅភ្នំពេញ ។

ពេលនោះជនរងគ្រោះបានឃើញក្រដាសប្រាក់១០០$ជ្រុះនៅក្បែរកាបូបលុយ ក៏សួរទៅប្តីថា ៖មានរួតកាបូបលុយអត់ ពេលនោះប្តីបានឆ្លើយថា មិនបានបើកទេ រួចក៏នាំគ្នាបើកកាបូបមើល ទើបដឹងថា បាត់លុយ១.១៩៥$ បន្ទាប់មកប្តី ជនរងគ្រោះក៏ជិះម៉ូតូដេញតាមជនសង្ស័យរហូតដល់ចំណុច វត្តព្រែកដូង ជនសង្ស័យ ក៏ដកលុយបាចតាមផ្លូវ ពេលនោះប្តីជនរងគ្រោះក៏ឈប់រើសបាន៨៨៥ដុល្លារ និងទាក់ទងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ជួយស្ទាក់ចាប់ និងឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។

ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖