ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូឌុបគ្នា ដោយល្បឿនលឿន កាច់ចង្កូតមិនទាន់បានបុករះបង្កាន់ដៃស្ពាន បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ផ្លោងធ្លាក់ពីលើចុះមកក្រោម ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចដៃស្ពានព្រែកក្ដាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ រស់ ពុធពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (ជាអ្នករួមដំណើរ) និងជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ អ៊ុំ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Y-4849 និងទី២- ឈ្មោះ រស់ ចាន់តារា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង៣នាក់ខាងលើជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីត្បូង ទៅជើង (ភ្នំពេញ-កំពង់ចាម) ឡើងស្ពានព្រែកក្ដាម ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះកាច់ចង្កូតមិនទាន់ បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ២នាក់ ខ្ទាតធ្លាក់ផ្លោងពីលើស្ពានចុះមកក្រោម បណ្ដាលឲ្យជនរងគ្រោះម្នាក់បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលបានចុះមកកន្លែងកើតហេតុ រួចហៅរថយន្ដសាមុយដឹកបញ្ជូនជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រតិបត្ដិស្រុកពញាឮ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ