ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតំបន់ឈូងសមុទ្រ អនុញ្ញាតឲ្យអាមេរិក ដាក់ពង្រាយនាវាចម្បាំងប្រឆាំងអ៊ីរ៉ង់

ចែករំលែក៖

អារ៉ាប៊ី សាអូឌីត ដឹកនាំប្រទេសមួយចំនួន នៅតំបន់ឈូងសមុទ្រ បានសម្រេចអនុញ្ញាត ឲ្យអាមេរិក ដាក់ពង្រាយ កម្លាំងទាហានជើងទឹក នៅតំបន់សមុទ្រ ត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។

សារព័ត៌មាន​ Jerusalem Post ​នៅព្រឹកថ្ងៃទី​២០ ខែឧសភា ​បានផ្សាយថា ការសម្រេចខាងលើ​ត្រូវបានប្រទេស តំបន់ឈូងសមុទ្រ អនុញ្ញាត កាលពីសប្តាហ៍កន្លងមក​។ សកម្មភាពខាងលើ កើតឡើង ក្នុងពេលដែល​អាមេរិក​​ និងអ៊ីរ៉ង់ប្រឈមមុខតានតឹងដាក់គ្នា ​ពិសេសក្រោយពេលដែល​​ នាវាដឹកប្រេង អារ៉ាប៊ី​សាអូឌីត ព្រមទាំងទីតាំងប្រេង រងការបាញ់ប្រហារ ​។

នៅពេលនេះ កម្លាំងទាហានជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ ក្នុងពេលជាមួយគ្នានេះដែរ​​អង់គ្លេស ក៏បាន​បញ្ជូនទាហាន ទៅកាន់តំបន់មជ្ឈិមបូព៌ា​បង្កើនការយាមល្បាតនៅទីនោះ។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា​ នាវាចម្បាំង​អាមេរិក និងនាវាផ្ទុកយន្តហោះ​កំពុងតែធ្វើសមយុទ្ធ បង្កើនសមត្ថភាពការពារ ​និងវាយលុក​ទៅលើសត្រូវ ក្នុងនោះទប់ស្កាត់ការគំរាមកំហែងពីងអ៊ីរ៉ង់ ។

កាលពីថ្ងៃទី​១៩ ខែឧសភា កម្លាំងទាហាន ជើងទឹកអាមេរិក​បានធ្វើសមយុទ្ធ​ ទ្រង់ទ្រាយធំ មាននាវាផ្ទុកយន្តហោះ​ USS ​Abraham Lincoln និងនាវា វាយលុក​ USS Kearsage ​ សហការ​ជាមួយកម្លាំងទាហានជើងទឹក វាយឡើងគោក។

កងពលនាវាផ្ទុកយន្តហោះ​ ដឹកនាំដោយ​នាវា​ USS Abraham Lincoln ​បានទៅកាន់តំបន់មជ្ឈិមបូព៌ា ជាសារ​សំខាន់ព្រមានដល់ប្រទេសអ៊ីរ៉ង់ ក្រៅពីនេះ ក៏បានបញ្ជូន​យន្តហោះចម្បាំទម្លាក់គ្រាប់ និងវាយលុកជាច្រើន ទៅកាន់ទីនោះផងដែរ​ក្នុងនោះមានប្រទេសកាតារ ​។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ​បានព្រមានអ៊ីរ៉ង់ ​តាមបណ្តាញសង្គម​ Twitter ​នៅថ្ងៃទី​២០ ខែឧសភា បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមជាទ្រង់ទ្រាយធំ​ រវាងអាមេរិក នឹងអ៊ីរ៉ង់់ ក្រោយពេល ប្រឈមមុខតានតឹងដាក់គ្នា ។

លោកត្រាំ សរសេរនៅលើបណ្តាញសង្គម​ Twitter ​ថា​«ប្រសិនបើអ៊ីរ៉ង់ ចង់ធ្វើសង្គ្រាម គឺជាថ្ងៃអវសានរបស់ប្រទេសនេះ​ ​សូមកុំគំរាមអាមេរិក» ។

កាលពីថ្ងៃទី​១៩ ខែឧសភា មេបញ្ជាការ​កងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក​ Hossein Salami ​បានបញ្ជាក់ថា អ៊ីរ៉ង់់ចង់បានសន្តិភាព មិនចង់ធ្វើសង្គ្រាមនោះឡើយ​​ ។ ប៉ុន្តែអ៊ីរ៉ង់់មិនខ្លាចធ្វើសង្គ្រាមជាមួយអាមេរិកនោះដែរ ​។

កន្លងមក មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់់ លោក​ Ayatollah Ali Khamenei ​បានបញ្ជាក់ថា​ នឹងមិនមានសង្គ្រាម ជាទ្រង់ទ្រាយធំកើតឡើងនៅតំបន់ឈូងសមុទ្រ នោះឡើយ ។ ប៉ុន្តែអ៊ីរ៉ង់ ​នឹងមិនចូលរួមពិភាក្សា លើកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនោះដែរ ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្កើន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាល អ៊ីរ៉ង់់ ក៏ដូចជាបង្កើន វត្តមាន យោធា​នៅជុំវិញប្រទេសអ៊ីរ៉ង់់ត្រៀមវាយប្រហារជាទ្រង់ទ្រាយធំ ៕


ចែករំលែក៖