ខេត្តសៀមរាប៖ កម្លាំងនគរបាលស្នងការខេត្តសៀមរាប បន្ទាប់បានទទួលការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមានលោក ទៀ សីហា ជាប្រធានស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន និងដោយមានការក្រើនរំលឹក ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបនោះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
លោកវរសេនីយ៍ត្រី ចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដែលធ្វើការឃាតខ្លួនជនសង្ស័យនៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភាជនសង្ស័យទាំង២នាក់ ទី ១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរជម្រាបថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតបាន ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង៕ ប៊ុនរិទ្ធី