ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ថា៖
«រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា វាជាមោទនៈភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។
មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹកដែលអតីតអ្នកកាសែតជនជាតិបែលហ្សិកបានប្រគល់អោយខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។
ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ ខ្ញុំនិងប្រតិភូបានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការម៉ីន។ ជាងនេះទៅទៀតនៅសងខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគីចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជាដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។
ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នងនៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះគឺសុទ្ធតែព្រៃត្រែង។ យើងឆ្លងព្រំដែននៅម៉ោងប្រមាណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយខ្ញុំឆ្លងកាត់ស្ពាននេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និងឧត្តមសេនីយ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែងជាមេបញ្ជការយោធភូមិភាគិទី៤ ដឹកនាំកម្លាំងការពារដំណើររបស់ខ្ញុំ (ឡុង សុភាព បានមរណៈភាពទៅហើយ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយកងទ័ពថៃម្នាក់ឈ្មោះ ប៊ុនឡត រួមដំណើរដើម្បីសម្រួលដំណើរយើងឆ្លងកាត់ព្រំដែននិងទំនាក់ទំនងជាមួយខាងភាគីថៃ។
តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ? ខ្ញុំបានដាក់ចេញនូវនយោបាយមួយគឺ (អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ)សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគីដូចនេះហើយទើបមានការជួបគ្នាជាសម្ងាត់រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោកដ៏មានឥទ្ធិពលរបស់ថៃនៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះទើបមានទស្យនៈកិច្ចរបស់ខ្ញុំដោយបើកចំហរនាទីក្រុងបាងកក ខែមករា ១៩៨៩។
ខ្ញុំធ្វើដំណើរទៅបាងកកជាសម្ងាត់នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែលអាចចាត់ទុកថាជាផ្នែកមួយនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ ខ្ញុំនិងប្រតិភូឆ្លងដែននៅម៉ោងប្រហែល២រសៀលទៅបាយនៅអារញ្ញប្រាថេតជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រទៅទីក្រុងបាងកកចរចារជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់និង មេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ តុលា ១៩៨៩។ ទំនាក់ទំនងរវាងខ្ញុំជាមួយមេដឹកនាំថៃកាន់តែប្រសើរ ដែលនាំដល់ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំនាពេលក្រោយមកទៀត»៕