ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដី បត់ឆ្វេងខ្វះប្រុងប្រយ័ត្ន បុកម៉ូតូមកពីក្រោយ រងរបួសធ្ងន់ម្នាក់ នៅ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីជាសិស្សសាលាម្នាក់ បានរងរបួសបាក់ជើងខាងស្តាំ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីមានរថយន្តបែនដឹកដី បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន មិនមើលក្រោយ ក៏ត្រូវម៉ូតូបើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវលំស្ថិតនៅ ភូមិថ្លុកព្រីង​ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ គ្រួច វណ្ណា អាយុ១៨ ឆ្នាំមុខរបរសិស្ស រស់នៅភូមិថ្លុកព្រីង ​ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L-២០២០ ។

ចំណែកអ្នកបើករថយន្តបង្កហេតុ មានឈ្មោះ ថុន លីដា អាយុ២៨ ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ក្រោយបង្កគ្រោះថ្នាក់បានបើករថយន្តរត់ដល់ផ្ទះរបស់ខ្លួន ក៏ចុះរត់គេចខ្លួនតែម្ដង ។

តាមសាក្សីបានឲ្យដឹងថា រថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខយ ០៩៨២ ភ្នំពេញ ៣ ចេញពីភូមិចាស់គ្មានផ្ទះឡើងមកលើផ្លូវលំហើយ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ស្របពេលនោះតែស្រាប់តែមាននារីសិស្សសាលាម្នាក់ បានជិះម៉ូតូ ក្នុងទិសដៅពីលិចមកកើត ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង ។

ក្រោយពីបង្កហេតុ អ្នកបើករថយន្ដ បានបើករថយន្តមកទុកនៅផ្ទះរបស់ខ្លួន រួចគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នអ្នករបួសធ្ងន់ត្រូវបានសមត្ថកិច្ចបានបញ្ជួនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតផងដែរ ។

ចំពោះម៉ូតូត្រូវបានបានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលពពែតដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖