ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេង LHR បុកកិនអ្នកជិះម៉ូតូ២នាក់ស្លាប់ លើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ ខណៈដែលកំពុងបើកម៉ូតូ១គ្រឿងឌុបគ្នា មិននឹកដល់រឿងគ្រោះថ្នាក់ ស្រាប់តែត្រូវរថយន្តប្រេងឥន្ធនៈរបស់ក្រុមហ៊ុន LHR បើកបុក ហើយកិនថែម បណ្តាលឲ្យសំប៉ែតដូច ចេកចៀនស្លាប់នៅកន្លែងកើតហេតុ ទាំង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៥ និង២០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ។

ជនរងគ្រោះ ដែលត្រូវរថយន្តដឹកប្រេងបុកកិនស្លាប់នេះ មានឈ្មោះសឿ វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ និងម្នាក់ទៀត មានឈ្មោះរ៉េត រក្សា ភេទប្រុស អាយុ២២ ឆ្នាំ ។ ជនរងគ្រោះទាំង២ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយគ្នា និងបើកម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៨ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ស្រាប់ត្រូវរថយន្តបង្ក ម៉ាកនីស្សាន់ ដឹកស៊ីទែន ប្រេងឥន្ធនៈ របស់ក្រុមហ៊ុន LHR ពណ៌ស លាយខៀវ និងក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3689 បើកបរដោយឈ្មោះពុំ ពិសាល ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកយ៉ាងពេញទំហឹង ហើយកិនជនរងគ្រោះថែម បណ្តាលឲ្យស្លាប់ទាំង២នាក់ ដេកក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មពេកក្រៃ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ ហេតុយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួននៅ ស្រុកកំណើត ៕ សេនាស័ក្តិ


ចែករំលែក៖