ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង នៅក្នុង ស្រុកចំនួន២ នៃ ខេត្តស្វាយរៀង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ ខែឧសភា ខណៈដែលមានភ្លៀងធ្លាក់មួយមេធំ ។
តាមមន្ត្រីសាខាកាកបាទក្រហមកម្ពជា ខេត្តស្វាយរៀងបានឲ្យដឹងថា ស្រុកដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនោះ ទី១គឺ ស្រុកស្វាយជ្រំ ខូចខាតផ្ទះចំនួន៣ខ្នង និង ស្រុករមាសហែក ចំនួន៧ខ្នង ក្នុងនោះ ក៏បានបណ្តាលឲ្យបុរសម្នាក់រងរបួសក្បាលត្រូវដេរចំនួន៥ថ្នេរ ក្រោយពីក្បឿងដំបូលផ្ទះធ្លាក់ចំ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅនេះឲ្យដឹងថា បាតុភូត El Nino ដែលកម្ពុជាយើងបាននិងកំពុងទទួលតាំងពីដើម ឆ្នាំមក រហូតមកដល់ពេលនេះ នៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ ។ ក្នុងនោះ បើតាមការព្យាករ ចាប់ពីថ្ងៃទី២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ចាប់បង្កើនឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ, ជាមួយគ្នា ក្រសួង ក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់៕ យឹម សុថាន