ព័ត៌មានទាន់ហេតុការណ៍៖

កុដិមួយខ្នងនៅវត្តតាឡុក ភ្លើងឆេះម៉ត់ ផ្អើលលោកសង្ឃទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ កុដិលោកមួយខ្នងត្រូវភ្លើងឆេះទាំងព្រឹក រថយន្តពន្លត់អគ្គិភ័យបានទៅជួយបាញ់ទឹកដែរ ប៉ុន្តែមិនអាចពន្លត់បាន ដោយសារភ្លើងឆេះពេញក្រមុំទៅហើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងវត្តតាឡុកស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា កុដិដែលរងការឆាបឆេះនេះមាន ទំហំ៨ម៉ែត្រ គុណ១១ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំង និងដំបូលសង្កសី រៀបឥដ្ឋក្រោម ហើយចំពោះទ្រព្យសម្បត្តិ មិនទាន់សរុបនៅឡើយ ។

ប្រភពបន្តថា កុដិលោកមួយខ្នងដែលខូចខាតទាំងស្រុងនេះគឺ មូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនីណាមួយ មិនមានអ្នកដឹងទាន់ លុះភ្លើងឆាបឆេះ ហុយផ្សែងហើយ ទើបបង្កការភ្ញាក់ផ្អើល ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ករណីខាងលើនេះ ខាងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង ដើម្បីបាញ់ទឹកពន្លត់ មួយគ្រឿងជារបស់កងរាជអាវុតហត្ថក្រុង និងមួយគ្រឿងទៀត ជារបស់អធិការដ្ឋាននគរបាលក្រុងបាវិត វាមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕ យឹម សុថាន


ចែករំលែក៖