ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម បញ្ចេញទាំងផ្ទះវីឡាប្រណីត និងគូស្នេហ៍ព្រមគ្នា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យច្រណែននឹងតារាចម្រៀង នាយចឺម ក្រោយពីតារាប្រុសរូបនេះ បានបង្ហាញមុខគូស្នេហ៍ស្រស់សោភាសាច់ខ្ចីវ័យក្មេង ដំណាលគ្នា នឹងរូបរាងផ្ទះវីឡាស្កឹមស្កៃរបស់តារាចម្រៀង វ័យក្មេងរូបនេះ បានសាងសង់រួចរាល់ ស្ទើរតែ១០០ភាគរយហើយនោះ ។

សង់ផ្ទះប្រណីតជូនអ្នកមានគុណអស់ជាង២សែនដុល្លារអាមេរិក នាយចឺម ទទួលបានការស្ញប់ស្ញែងមិនតិចទេ ពីមហាជន ដែលបង្ហាញពីភាពកត្តញ្ញូចំពោះអ្នកមានគុណ ។ ផ្ទះថ្មីសង់លើដីចាស់ ជិតរួចរាល់ជាស្ថាពរ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានបង្ហាញមុខគូស្នេហ៍ស្រីថ្មីស្រស់សោភាចុងក្រោយ ។ នារីនោះមានរូបរាងស្រឡូនស្រស់សោភា មិនចាញ់តារាសម្តែងទេ ហើយត្រូវបានគេសង្ស័យថាជាគូស្នេហ៍ ហើយនាងក៏ជាតារាស្រីម្នាក់ដែលមានឈ្មោះគួរសមក្នុងចង្កោមអ្នកសិល្បៈដែរ ។

នៅមិនទាន់រកការបញ្ជាក់ពីតារាចម្រៀង នាយចឺម បាននៅឡើយទេ ប៉ុន្តែបើតាមប្រភពអ្នកចិតដិតអតីតតារាកំប្លែងរូបនេះលើកឡើងថាគឺពិតជាគូស្នេហ៍ថ្មីរបស់នាយចឺមដែលមានការដឹងលឺពីចាស់ទុំទាំងសងខាង ហើយពួកគេបានសរសើរពីភព្វសំណាងនាយចឺមដែលជោគជ័យព្រមគ្មានទាំងការងារសិល្បៈ និងស្នេហា ។ មានការបញ្ជាក់ដែរថាសង្សាថ្មីចុងក្រោយនេះមានឈ្មោះថាគៀត បេឡាហៅ Je Far ជាតារាសម្តែង និងបង្ហាញម៉ូត ។ ប្រភពលើកឡើងថា តារារូបនេះអាចរកប្រាក់ចំណូលពីការច្រៀងលើឆាកតន្ត្រីនៅតាមខេត្តប្រមាណចាប់ពីជាង២ពាន់ដុល្លារអាមេរិកឡើងទៅក្នុងលើកៗ ដូចនេះមិនមានអ្វីដែលចម្លៃកទេដែលតារារូបនេះអាចសន្សំប្រាក់ និងរកបានស្នេហ៍ថ្មីស្រស់សោភានោះ ។

ប្រភពបន្តថា គូស្មេហ៍ថ្មីនេះត្រូវបាននាយចឺមគ្រោងប្រកាសជាផ្លូវការក្នុងការយកជាគូអនាគតនៅក្នុងអំឡុងខែមេសា ដែលជាថ្ងៃកំណើតរបស់ខ្លួន ប៉ុន្តែដោយសារផ្ទះថ្មីមិនទាន់សាងសង់រួចរាល់ទើបពិធីឡើងផ្ទះថ្មី ពិធីខួបកំណើត និងប្រកាសជាសាធារណៈត្រូវបានពន្យាពេល ។

ទោះជាយ៉ាងណា កន្លងមកមានបុរសមិនតិចទេច្រណែន នាយចឺម ព្រោះគូស្នេហ៍របស់នាយសុទ្ធតែជាស្រីស្អាតៗដែលមានទាំងអ្នកក្នុងនិងក្រៅរង្វង់សិល្បៈ ហើយគេក៏មិនទាន់ប្រាកដដែរថាស្នេហាតារាប្រុសរូបនេះនឹងបន្តបានយូរ ឬចាប់ដៃគ្នាជាក្រុមគ្រួសារនៅឡើយ ​៕​ វឌ្ឍនា


ចែករំលែក៖