ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅឆ្នាំ១៩៧៩ អ៊ីរ៉ង់បានបង្កើនការផលិត អាវុធទំនើបៗជាច្រើន ដោយបច្ចេកវិទ្យាខ្លួនផ្ទាល់ ក៏ដូចជាទិញពីប្រទេសជិតខាងដោយសម្ងាត់ ។ រដ្ឋាភិបាលអ៊ីរ៉ង់ បានដឹងយ៉ាងច្បាស់ថា អាមេរិក នឹងមិនលើកលែង ឲ្យអ៊ីរ៉ង់នោះឡើយ អាស្រ័យទៅលើពេលវេលា យូរ ឬឆាប់តែប៉ុណ្ណោះ ។
ដោយការខិតខំនាពេលកន្លងមក អ៊ីរ៉ង់មានអាវុធទំនើបៗជាច្រើនដែលអាមេរិក មិនដឹង ហើយអាវុធរបស់អ៊ីរ៉ង់បានរក្សាទុកនៅទីតាំងសម្ងាត់ក្រោមដី ។ ក្នុងពេលដែលកំពុងតែមានភាពតានតឹងជាមួយអាមេរិក អ៊ីរ៉ង់បានបង្ហាញឃ្លីបវីដេអូមួយធ្វើឲ្យ ទាហានអាមេរិក ប្រកាសអាសន្ន ត្រៀមលក្ខណៈធ្វើសង្គ្រាម ។
នៅពេលនេះ កម្លាំងទាហានអាមេរិកដាក់ក្នុងស្ថានភាព ប្រកាសអាសន្ន ក្រោយពេលដែល អ៊ីរ៉ង់ បង្ហាញឃ្លីប វីដេអូ ស្តីពីការសាកល្បងមីស៊ីល នៅទីតាំងសម្ងាត់មួយ ក្នុងប្រទេសនេះ ។
សារព័ត៌មាន Express កាលពីថ្ងៃទី២៧ ខែឧសភា បានផ្សាយថា ភាពតានតឹង រវាងអាមេរិក-អ៊ីរ៉ង់ នឹងតានតឹងកាន់តែខ្លាំង ក្រោយពេល អ៊ីរ៉ង់បង្ហាញឃ្លីបវីដេអូ ស្តីពីការបាញ់សាកល្បងមីស៊ីល ។
ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា មីស៊ីលដ៏ធំប្រភេទ Qiam-1 បានបាញ់សាកល្បង ។ សកម្មភាពខាងលើកើតឡើងក្រោយពេល អាមេរិក បានសម្រេចបញ្ជូនកម្លាំងទាហាន ១៥០០នាក់ទៅកាន់ តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ អ៊ីរ៉ង់ ពង្រីកឥទ្ធិពលនៅក្នុងតំបន់ ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាន ចោទប្រកាន់ អ៊ីរ៉ង់ថា បានត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំង យោធាអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ។ ទាំងនោះហើយ បានជាអាមេរិក បញ្ជូន កម្លាំងទាហាន បន្ថែមទៅទប់ស្កាត់អ៊ីរ៉ង់ ។
កន្លងមក ថ្មីៗ មែទ័ពអ៊ីរ៉ង់ លោក Morteza Qorbani ទីប្រឹក្សាយោធាអ៊ីរ៉ង់បានព្រមានថា នាវាចម្បាំងអាមេរិក នឹងត្រូវកម្ទេចដោយមីស៊ីល វាយប្រហារពីទីតាំងសម្ងាត់ ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោននៅតែឌឺដងនោះ ។
ការបង្ហាញរបស់អ៊ីរ៉ង់ក្រោយពេល មន្ទីរបញ្ចកោណបានដាក់ជូនសំណើ មួយចំនួនទៅកាន់សេតវិមាន ដើម្បីបញ្ជូនកម្លាំងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ជួយពង្រឹងវិស័យការពារជាតិ ទប់ទល់នឹងអ៊ីរ៉ង់ ស្របពេលមានភាពតានតឹងក្នុងតំបន់ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានមុនកិច្ចប្រជុំ លោក ត្រាំ និយាយថា លោកមិនជឿថា ត្រូវការបន្ថែមកងទ័ពទេ ប៉ុន្តែលោកនឹងធ្វើអ្វីគ្រប់យ៉ាងបើចាំបាច់ ។ លោកថា យើងចាំមើលថា នឹងមានអ្វីកើតឡើងជាមួយអ៊ីរ៉ង់ ។ ខ្ញុំមិនគិតថា យើងនឹងត្រូវការកម្លាំងទាំងនោះទេ ។ ខ្ញុំពិតជាមិនត្រូវការមែន ប៉ុន្តែយើងនឹងមានកិច្ចប្រជុំមួយនិយាយពីបញ្ហានេះ ក្នុងពេលប្រហែលមួយម៉ោង ។ ខ្ញុំនឹងបញ្ជូនកងកម្លាំងទាំងនោះ បើសិនពួកយើងត្រូវការ ។ ក្រុមមន្ត្រីនិយាយថា សំណើបន្ថែមកងទ័ពមិនមែនឆ្លើយតប ទៅនឹងការគំរាមថ្មីៗណាមួយពីអ៊ីរ៉ង់ទេ តែក្នុងបំណងពង្រឹងសន្តិសុខសម្រាប់កងកម្លាំងអាមេរិក ដែលមានស្រាប់នៅក្នុងតំបន់នោះប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការបង្កើនវត្តមានយោធាអាមេរិក នៅក្នុង តំបន់មជ្ឈឹមបូព៌ា អនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ក្រុងតេអេរ៉ង់ត្រៀមខ្លួនចូលរួមចរចាជាមួយរដ្ឋ ឈូងសមុទ្រពែក្សទាំងអស់ ។ ប៉ុន្តែលោកអះអាងថា អ៊ីរ៉ង់នឹងមិនចូលរួមចរចាដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយ សហរដ្ឋអាមេរិកនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ។
លោក Araghchi ធ្វើកត់សម្គាល់ពីគោលជំហររបស់អ៊ីរ៉ង់ ចំពោះសហរដ្ឋអាមេរិកដូចខាងលើនេះ បន្ទាប់ពីប្រទេសអូម៉ង់ ចង់ធ្វើជាអ្នកសម្របសម្រួលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដើម្បីកុំឲ្យមានសង្គ្រាមឆាបឆេះក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងនាំឲ្យគ្រប់គ្នាអន្តរាយ ។
លោក Araghchi បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រោយបំពេញទស្សនកិច្ចនៅអូម៉ង់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត និងកាតាថែមទៀត ។ គ្មានឡើយកិច្ចចរចាដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងតំបន់ឈូងសមុទ្រពែក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក» ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងអាមេរិក និងអ៊ីរ៉ង់ មិនចង់ផ្ទុះសង្គ្រាម ដាក់គ្នា នោះឡើយ ប៉ុន្តែ អ៊ីរ៉ង់ ក៏មិនព្រមចុះចាញ់អាមេរិកនោះដែរ ដោយទប់ទល់ដល់ទីបំផុត ។
ជាមួយគ្នានេះក្រុងតេអេរ៉ង់ បានជំរុញឲ្យអង្គការសហប្រជាជាតិ ជួយបើកកិច្ចចរចាផ្នែកការទូត ដើម្បីបន្ធូរបន្ថយ ស្ថានភាពសន្តិសុខ ដ៏គួរឲ្យព្រួយបារម្ភនៅតំបន់ឈូងសមុទ្រ ។ ដោយលោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវ នៅក្នុងលិខិតមួយ ផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និង ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃច័ន្ទ ។
ការផ្ញើលិខិតនោះ បានកើតឡើងចំពេលមានភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក រួមទាំងសម្ព័ន្ធមិត្តឈូងសមុទ្ររបស់ខ្លួន គឺអារ៉ាប់ប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម៕