ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ជប៉ុន ប្តេជ្ញា​រក្សាសម្ពន្ធមិត្ត យ៉ាងរឹងមាំ

ចែករំលែក៖

មេដឹកនាំអាមេរិក និងជប៉ុនបានសន្យា ពង្រឹងទំនាក់ទំនង ​សម្ពន្ធមិត្តកាន់តែជិតស្និទ្ធ​ ពេលដែលលោកត្រាំ​ បំពេញទស្សនកិច្ចទៅលើ នាវាចម្បាំងជប៉ុន​ នៅទីតាំង ជិតទីក្រុងតូក្យូ ក្នុងថ្ងៃ​ចុងក្រោយនៃ ដំណើរទស្សនកិច្ចរយៈពេល​៤ថ្ងៃនៅជប៉ុន​។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅជប៉ុន ជាកន្លែងលោកមានកិត្តិយសជាមេដឹកនាំបរទេសដំបូងគេ ចូលគាល់ព្រះចៅអធិរាជ្យថ្មីជប៉ុន ណារីហ៊ីតូ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដូចតាមទម្លាប់របស់លោក បានធ្វើនយោបាយការបរទេស ហាក់ដូចជាដោយបុគ្គលលោកផ្ទាល់ ញ៉ាំងឲ្យទាំងសម្ពន្ធមិត្ត ទាំងពួកសត្រូវ ក៏ដូចជាបណ្ដាសហការី ស្ថិតក្នុងសភាពមិនប្រាកដប្រជាជាអចិន្ត្រៃយ៍ និងភ្ញាក់ផ្អើល។

ក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក សីុនហ្សូ អាបេ កាលពីថ្ងៃទី២៧ ឧសភា នៅក្រុងតូក្យូ ពេលគេសួរពីបញ្ហាប្រឈមនានា របស់សហរដ្ឋអាមេរិក និងរបស់សម្ព័ន្ធមិត្តជិតដិតជប៉ុន លោកត្រាំបែរជាឆ្លើយទៅតាមអ្វីដែលលោកនឹកឃើញ។

ស្ដីពីកូរ៉េខាងជើង លោកថ្លែងផ្ទុយពីការព្រួយបារម្ភនានា ចំពោះការបាញ់មីស៊ីលរយៈខ្លី២លើក កាលពីដើមខែឧសភាដោយក្រុងព្យុងយ៉ាង ដែលរឿងនោះទាំងលោក អាបេ ដែលឈរក្បែរលោក ទាំងបណ្ដាទីប្រឹក្សារបស់លោកផ្ទាល់ សុទ្ធតែនិយាយថា ជាការរំលោភបំពានលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តែលោកថា នោះគ្រាន់ជាការបាញ់សាកអាវុធតូចៗប៉ុណ្ណោះ។ អំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លោកត្រាំថ្លែងថា បណ្ដាមនុស្សនៅជុំវិញខ្ញុំយល់ថា ការបាញ់មីសីុលរបស់ក្រុងព្យុងយ៉ាងជាការរំលោភបំពានមួយ តែចំពោះរូបខ្ញុំមើលឃើញថា លោកគីម ជុងអ៊ុន ជាមនុស្សម្នាក់ដែលប្រហែលជាចង់ទាក់ទាញការចាប់អារម្មណ៍លើរូបលោក ។

បណ្ដាភ្នាក់ងារអាមេរិកនិយាយថា លោក គីម ជុងអ៊ុន ពុំមានចេតនា ណាមួយបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែលោកត្រាំនិយាយថា លោកនៅតែមានទំនុកចិត្តខ្លាំង ចំពោះគំនិតផ្ទាល់របស់មេដឹកនាំកូរ៉េខាងជើង។ លោកថា លោកបាននិយាយគ្នាយ៉ាងច្រើនជាមួយលោក គីម ពីកាលានុវត្តភាពនៃការបើកចំហរកូរ៉េខាងជើងចំពោះពួកអ្នកវិនិយោគ ជាជាងប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរ ហើយលោកមើលឃើញថា លោកគីម ពិតជាមនុស្សវៃឆ្លាតម្នាក់ ។

លោក ត្រាំ នៅរងការរិះគន់នាក្រុងវ៉ាស៊ីនតោនចំពោះការនិយាយសរសើរជនផ្ដាច់ការមួយរូប ប៉ុន្តែច្បាស់ណាស់ លោកបែរជាថាចំអក ឲ្យពួកអ្នកធ្វើអត្ថាធិប្បាយបែបនេះទៅវិញ។ ស្ដីពីអុីរ៉ង់លោកក៏កាន់តែធ្វើឲ្យ មនុស្សនៅជុំវិញលោកមានការភ្ញាក់ផ្អើលខ្លាំងដែរ។ មុនពេលមកកាន់ជប៉ុនលោកត្រាំ ប្រកាសពីការបញ្ជូនទាហាន១៥០០នាក់ថែមទៀត មកកាន់មជ្ឈិមបូព៌ា បន្ថែមលើនាវាផ្ទុកយន្តហោះមួយគ្រឿង បណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 នាវាចម្បាំងឯទៀតៗ ព្រមទាំងប្រព័ន្ធការពារអាកាស PATRIOT ហើយលោកលើកពីការគំរាមកម្ទេចអីុរ៉ង់ជាផ្លូវការ បើប្រទេសនោះ វាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ។

ប៉ុន្តែនាថ្ងៃទី២៧ ឧសភា នៅក្រុងតូក្យូ លោកអះអាងថា អាចរស់នៅជាមួយរដ្ឋាភិបាលអុីរ៉ង់បានឯណាឆ្កុយ ។ លោកថា យើងពុំស្វែងរកផ្លាស់ប្ដូររបបក្រុងតេអេរ៉ង់ឡើយ ខ្ញុំគ្រាន់តែចង់ឲ្យរបបនោះ មានភាពច្បាស់លាស់ប៉ុណ្ណោះ ។ អ្វីដែលយើងចង់បាន គឺអវត្តមាននៃអាវុធនុយក្លេអ៊ែរ ។ ខ្ញុំពិតជាពុំចង់បំផ្លាញអុីរ៉ង់ឡើយ។ លោករហូតដល់ថាអាចសម្រេចបានកិច្ចព្រមព្រៀងមួយទៀតផង ជាមួយក្រុងតេអេរ៉ង់៕


ចែករំលែក៖