ខេត្តកំពង់ស្ពឺ៖ រថយន្តសណ្តោង១គ្រឿង បានបត់ទទឹងផ្លូវដោយមិនប្រយ័ត្ន បានបុកក្មេងប្រុស២នាក់ ហើយកិនពីលើ ស្លាប់យ៉ាងអាណោចអាធ័ម
ក្រោយកើតហេតុ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ ។ ចំណែកសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ វាស់វែង និងប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគ.ម ៩៨..៩៩ ស្ថិតក្នុងភូមិស្រល់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ចំណែកជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ វី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង-ឈ្មោះ ជី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នាជិះម៉ូតូ ម៉ាក Honda.C.125 ពណ៌ខ្មៅស៊េរី ២០០៩ ស្លាកលេខ ភ្នំពេញ 1L.4494 បើកបរពីកើតទៅលិច ។
រថយន្តបង្កម៉ាក Fuso សណ្តោងរ៉ឺម៉ក ពណ៌សលាយបៃតងស្លាកលេខ ភ្នំពេញ 3A.3440 បើកឆ្លងផ្លូវពីជើងមកត្បូង ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបង្កខាងលើ បានបត់ឆ្លងផ្លូវគាប់ជួនដល់ចំណុចខាងលើ បានបុកម៉ូតូជនរងគ្រោះ ដែលបើកបរពីកើតទៅលិច ទាំង២នាក់ហើយកិនពីលើស្លាប់តែម្តង ។
ចំពោះតៃកុងរថយន្តបង្ក ក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។ សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីគាស់យកចេញពីក្រោមកង់រថយន្តរួចមក ។
ចំពោះម៉ូតូជនរងគ្រោះខូចខាតកម្រិតធ្ងន់ រីឯរថយន្តខូចខាតស្រាល ត្រូវអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ