ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបោះពួយជ្រុលទៅបុករង្វង់មូលព្រែកតាមាក់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នា បោះពួយលឿនដូចហោះ គេចចង្កូតមិនទាន់ បានបុករង្វង់មូលផ្សារព្រែកតាមាក់ពេញមួយទំហឹង បណ្ដាលឲ្យយុវជន២នាក់ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវលេខ៣៨១ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ពុំស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក SUZUKI Lets ធុនសេ១២៥ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DC-1452 ដោយមានអ្នករួមដំណើរម្នាក់ ពុំមិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅកន្លែងកើតហេតុ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៣៨១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបោះពួយលឿនដូចហោះ លុះមកដល់ចំណុចរង្វង់មូលផ្សារព្រែកតាមាក់ កាច់ចង្កូតមិនទាន់ បានជ្រុលទៅបុករង្វង់មូលពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ដួលបោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍ស្រុក បានចុះទៅអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង កសាងឯកសារយកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់ឲ្យទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖