ព័ត៌មានទាន់ហេតុការណ៍៖

ស្រាចូលខ្លួន សុំលុយទិញថ្នាំញៀនមិនបានគំរាមសម្លាប់ប្រពន្ធ កូន និងម៉ែក្មេក នគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ៖ មានករណីហិង្សាក្នុងគ្រួសារមួយបង្កឡើងដោយបុរសម្នាក់ ដែលផឹកស្រាស្រវឹង សុំលុយពីប្រពន្ធទៅតិញថ្នាំញៀនមកប្រើប្រាស់មិនបានទាញកាំបិតគំរាមសម្លាប់ប្រពន្ធកូន និងម្តាយក្មេក តែអ្នកជិតខាងដឹងរត់ទៅប្តឹងនគរបាល​ប៉ុស្តិ៍​រដ្ឋបាលមកចាប់ដាក់ខ្នោះ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ចំណុចភូមិ អង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល តាភេម បានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ឹង ចាន់ថា ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ ធ្វើស្រែ រីឯប្រពន្ធឈ្មោះ ជុំ ចាន់ធា អាយុ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ស្រ្តីជាប្រពន្ធបានប្រាបមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលតាភេមថា មុនពេលកើហេតុ ប្តីរបស់គាត់ បានផឹកស្រាស្រវឹងមកដល់ផ្ទះសុំលុយគាត់២ម៉ឺនរៀលយកទៅទិញថ្នាំញៀនជក់ ខណៈដែលគាត់និងម្តាយបង្កើតកំពុងរៀបចំយកកូនឈឺទៅមន្ទីរពេទ្យ។ ពេលនោះគាត់​ប្រាប់​ថា គ្មានលុយទេ សល់លុយតិចតួចទុកមើលកូនឈឺ តែប្តីមិនស្តាប់បែរជាបានទាញយក​កាំបិត​ប៉័ងតោដងឈើបម្រុងមកកាប់គាត់ដោយបានគំរាមថានិងសម្លាប់ចោលបើម្ដាយ ក្មេកនិងរូប​គាត់ជាប្រពន្ធហ៊ានយកកូនទៅពេទ្យ ។ តែសំណាងល្អពេលនោះបានអ្នកជិតខាងរត់ទៅ​ប្តឹងនគរបាល​ប៉ុស្តិ៍មកជួយធ្វើអន្តរាគមន៍ចាប់ប្តីកំណាចដាក់ខ្នោះទាន់ ។

ស្រ្តីជាប្រពន្ធបានរៀបរាប់ឲ្យដឹងទៀតថា ប្តីកំណាចរូបនេះ តែងផឹកស្រាស្រវឹង និង ប្រើប្រាស់​គ្រឿងញៀនជាញឹកញាប់ ហើយបានយកទ្រព្យសម្បត្តិក្នុងផ្ទះ លក់ចាយវាយអស់ហើយ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេកនិងស្រ្តីជាប្រពន្ធ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល តាភេមបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់អនុវត្ត តាមនិតិវិធីបន្ត ៕ សហការី


ចែករំលែក៖