ខេត្តតាកែវ ៖ លោក សុខ សាវឿន អតីតមន្ត្រីគយសាខាខេត្តតាកែវ ត្រូវប្រជា ពលដ្ឋចោទប្រកាន់ថា ចាក់របងបេតុងព័ទ្ធ យកដីបឹងតាកែវ ជាច្រើនម៉ែត្រការ៉េ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
លោក បញ្ញា តំណាងក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិចក សង្កាត់ រកាក្នុង ក្រុងដូនកែវ បានឲ្យដឹងថា ឈ្មោះ សុខ សាវឿន ដែលជាអតីតមន្ត្រីសាខា គយខេត្តតាកែវ បានចាក់របងបេតុងព័ទ្ធ យកដីចំណីបឹងតាកែវ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនជាច្រើនម៉ែត្រការ៉េ និងបានចាក់បេតុងបង្គោលថ្មលើចំណីផ្លូវ ក្រវាត់បឹងតាកែវ ដោយមិនក្រែងនឹងអំណាចច្បាប់អ្វីបន្តិចសោះ! ពោលគឺមានចិត្តលោភលន់ ចង់ បានដីបឹងរបស់រដ្ឋ គ្មានចេះខ្មាសអៀនអ្នករស់នៅជិតខាងអ្វីឡើយ។
តំណាងក្រុមប្រជាពលរដ្ឋបានបន្តថា ដើមឡើយលោក សុខ សាវឿន មានដីជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនត្រឹមតែ១ប្លង់ប៉ុណ្ណោះ គឺប្លង់មានក្បាលដីលេខ១១៦៩ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូន កែវ ជាប់នឹងដីក្រវ៉ាត់ក្រុងក្បែរបឹង។ ប៉ុន្តែ នៅពេលឲ្យកម្មករសំណង់ចាក់របងថ្មបេ តុង មិនត្រឹមអភិវឌ្ឍន៍ដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប្រើកម្មករសំណង់ ចាក់របងថ្មបេតុងហ៊ុមព័ទ្ធដីរហូតដល់ក្បាលដីលេខ១១៩៩ ដែលក្បាលដីនេះ គឺជាដីចំណីបឹង កម្មសិទ្ធិរបស់រដ្ឋ។
ក្រុមប្រជាពលរដ្ឋបានបន្តថា មូលហេតុអ្វីបានជាបុគ្គលរូបនេះមិនធ្វើការអភិវឌ្ឍ ត្រឹមដីរបស់ខ្លួនហេតុអ្វីមកព័ទ្ធរបងយកយ៉ាងអនាធិបតេយ្យដីបឹងដូចនេះ? ហាក់គ្មានកោតខ្លាច អាជ្ញាធរមូលដ្ឋាន អ្វី បន្តិចសោះឡើយ។ នៅពេលដែលអាជ្ញាធរ បណ្តាយឲ្យលោក សុខ សាវឿននេះប្រព្រឹត្តទង្វើបែបនេះ តើបងប្អូនប្រជាពល រដ្ឋដែលរស់នៅទីនេះ នឹងធ្លាប់តែរកត្រី កងែ្កប ក្តាម ខ្យងនោះ សម្រាប់យកមក បរិភោគក្នុងគ្រួសារ តើគិតយ៉ាងណា បើដីបឹងរបស់រដ្ឋដែលជាផ្លូវក្រវាត់ក្រុង ត្រូវបានជនមានលុយរូបនេះ ធ្វើស្រេចតែចិត្តនោះ ។
ទាក់ទិននឹងការលើកឡើងរបស់ តំណាងក្រុមប្រជាពលដ្ឋខាងលើនេះ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រាប់អ្នកសារព័ត៌មានតាមរយៈ សារអេឡិចត្រូនិតតេឡេក្រាមថា ករណីនេះ លោកមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលោកបានឲ្យការិយាល័យភូមិបាលក្រុងដូនកែវស្រាវជ្រាវ និងបំភ្លឺ ។
ក្រោយពីប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីឲ្យការិយាល័យភូមិបាលក្រុងដូនកែវស្រាវជ្រាវ និងបំភ្លឺ លោក កែវ សំណាង មន្ត្រីភូមិបាលក្រុងដូនកែវ បានបំភ្លឺដោយលើកឡើងថា ដីរបស់ លោក សុខ សាវឿន មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមតែក្បាលដីលេខ១១៦៩ប៉ុណ្ណោះ។ ប៉ុន្តែដីដែលមានក្បាលដីលេខ១១៩៩ ដែលលោក សុខ សាវឿន ចាក់របងបេតុងថ្មព័ទ្ធនោះ ជាដីរបស់គាត់អាស្រ័យផល។ ចំពោះការបោះបង្គោលលើទំនប់ក្រវាត់បឹងនោះ ខាងអាជ្ញាធរក្រុងដូនកែវ និងភូមិបាលក្រុង បានចុះទៅណែនាំម្ដងរួចមកហើយៗគាត់អត់បានស្ដាប់ នៅតែបន្តធ្វើបន្តទៀត។
ក្រោយពីមានការបំភ្លឺរបស់មន្ត្រីជំនាញ តំណាងក្រុមប្រជាពលរដ្ឋ បានលើកឡើងថា ចំពោះការលើកឡើងរបស់មន្ត្រីភូមិបាលក្រុងដូនកែវ ថាក្បាលដីលេខ ១១៩៩នោះ គឺជាដីអាស្រ័យផលរបស់លោក សុខ សាវឿន នោះ គឺមិនពិតទេ ព្រោះបច្ចុប្បន្ននេះគ្មានអ្នកណាអាស្រ័យផលអ្វីទាំង អស់? ហើយក្បាលដីលេខ១១៩៩នេះ មានតែស្មៅដុះស៊ុបទ្រុប និងដើមកក់ដុះ ស្អេចស្កាស់ ពាសពេញប៉ុណ្ណោះ ហើយបើ ថា គាត់អាស្រ័យផល មិនដឹងជាអាស្រ័យ ផលលើអ្វី បើសព្វថ្ងៃនេះ ដីបឹងផ្លូវក្រវាត់ ក្រុងដែលលោក សុខ សាវឿន ព័ទ្ធយក គឺមានតែស្មៅ និងដើមកក់ដុះពេញតែ ប៉ុណ្ណោះ។
តំណាងក្រុមប្រជាពលរដ្ឋ បានបន្ត ទទូចសុំអន្តរាគមន៍ពី លោក អ៊ូច ភា អភិ បាលខេត្តតាកែវ មេត្តាជួយពិនិត្យមើល បញ្ហានេះផង ព្រោះខ្លាចមានអ្នករំលោភ យកដីបឹង ដែលជាកម្មសិទ្ធិ របស់រដ្ឋ មកធ្វើកម្មសិទ្ធិរបស់ខ្លួនទៀត។ បើនៅតែបណ្តាយឲ្យជនម្នាក់នេះ ធ្វើស្រោចតែចិត្ត នោះនឹងមានបងប្អូន ប្រជាពលរដ្ឋ នាំគ្នា ធ្វើតាមជាក់ជាពុំខាន ។
ទាក់ទងទៅនឹងការចោទប្រកាន់ពីក្រុមប្រជាពលរដ្ឋមកលើលោក សុខ សាវឿន ភញនាក់ងារកាសែតនគរវត្តមិនអាចទាក់ទងបានទេ តែយើងនឹងរង់ចាំ ឆ្លើយតបវិញ ពីលោក សុខ សាវឿន ៕ ហេង នរិន្ទ្រ