ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកំពង់ស្ពឺ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងខេត្ត ដោយមិនខ្លាចរអាអ្វីឡើយ បើទោះបីជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផែនការជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបក៏ដោយ។
បទល្មើសសង្គមនេះនៅតែបន្តកើតមានឡើង និងបានកើតឡើងកាន់តែខ្លាំង រហូតមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធនឹងការចូលរួមកាងបទល្មើសខុសច្បាប់ទាំងនោះផងដែរ ជាពិសេស គឺដោយមានការជួយជ្រុំជ្រែងយ៉ាងខ្លាំងពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយផ្ទាល់ផងដែរ។
ជាក់ស្តែង នៅមូលដ្ឋានខេត្តកំពង់ស្ពឺ បទល្មើសឆ្នោតវៀតណាម បាន និងកំពុងវៃលុកយ៉ាងខ្លាំងដែលប្រសិទ្ធភាព នៃការចុះបង្ក្រាប មិនទាន់មាននៅឡើយទេ។ ទាំងនេះគឺជាប់ពាក់ព័ន្ធនឹងផល ប្រយោជន៍របស់សមត្ថកិច្ចតែម្តង ក្នុងនោះ ក៏មានមន្រ្តីម្នាក់មានតួនាទីខ្ពស់ ក្នុងជួរអធិការដ្ឋាននគរបាលស្រុកសំរោងទងផងដែរនោះគឺលោក ហង្ស សំរេច។
លោក ហង្ស សំរេច ត្រូវបានអ្នកស្គាល់គាត់ប្រាប់ថា លោកគឺជាអធិការរងមូលដ្ឋានស្រុកសំរោង ហើយត្រូវជាប្អូនថ្លៃស្នងការនគរបាលខេត្តកំពង់ស្ពឺ គឺលោកឧត្តមសេនីយ៍ទោ សម សាមួន។
មន្រ្តីនគរបាលតូចតាចនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង បានលួចប្រាប់អ្នកយកព័ត៌មានថា លោក ហង្ស សំរេច ដោយសារតែខ្លួនជាប្អូនថ្លៃជាស្នងការនគរបាលខេត្ត លោកបានយកបទល្មើស ល្បែងកន្ទុយលេខទាំងនេះ ជារបរកស៊ីមួយទៅហើយ ដោយលោកជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងមួយនេះដោយផ្ទាល់តែម្តង។
មន្រ្តីនគរបាលខាងលើនេះ បានបន្តទៀតថា មិនត្រឹមតែបទល្មើសឆ្នោតវៀតណាម និងនៅមូលដ្ឋានខេត្តទាំងមូលនោះទេ ប៉ុន្តែលោក ហង្ស សំរេច ដែលគិតថា អំណាចទាំងស្រុង ស្ថិតនៅលើបងថ្លៃរបស់ខ្លួន ដែលជាស្នងការនោះ ក៏បានទៅជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗជាច្រើន ដូចជាល្បែងជល់មាន់ជាដើម។
លោក ហង្ស សំរេច មានប្អូនរបស់ខ្លួនម្នាក់ ឈ្មោះ ហៀង ដែលបានប្រើឲ្យទៅកាងបទល្មើសទាំងនេះផ្ទាល់តែម្តង ពេញទូទាំងខេត្តកំពង់ស្ពឺ ហើយគ្រប់ៗគ្នានៅក្នុងខេត្តកំពង់ស្ពឺ សុទ្ធតែស្គាល់ឈ្មោះនេះ។
សម្រាប់បទល្មើសឆ្នោតវៀតណាម ដែលកាន់តែមានព្រោងព្រាតនៅតាមមូលដ្ឋានស្រុកសំរោងទងនោះ ត្រូវបានមន្រ្តីនគរបាល និងប្រជាពលរដ្ឋមួយចំនួនប្រាប់ផងដែរថា នៅពេលដឹងថា ទីតាំងឆ្នោតវៀតណាមទាំងឡាយណា ដែលយើងហៅថា កូនកញ្ច្រែងនោះ មិនបង់ និងកត់ប្រមូលជូនក្រុមលោក ហង្ស សំរេច និងលោក ហៀង នោះទេ នោះលោក ហង្ស សំរេច នឹងបញ្ចេញកម្លាំងនគរបាលរបស់ខ្លួន ចុះមកបង្ក្រាបតែម្តង ដោយមិនទុកឲ្យមានវត្តមានទៀតឡើយ ប៉ុន្តែបើសិនជាកូនឆ្នោតទាំងនោះ ព្រមព្រៀងឡើងជូនក្រុមលោកតាមសម្រួល នោះលោក ហង្ស សំរេច និងប្រាប់បងថ្លៃរបស់ខ្លួន ដែលជាស្នងការខេត្តនោះ អោយជួយធានាការពារសុវត្ថិភាពជូន មិនអោយមានសម្ថកិច្ចណាបង្ក្រាបបានឡើយ។
ការចុះបង្ក្រាបទាំងនេះ បានកើតឡើងរួចមកហើយ មើលសម្បកក្រៅហាក់គិតថា ជាចំណាត់ការរបស់នគរបាលខេត្តកំពង់ស្ពឺ លើការបង្ក្រាបបទល្មើស ប៉ុន្តែជាក់ស្តែងជាការលុបបំបាត់រាល់កូន កញ្ច្រែងទាំងឡាយណា ដែលមិនកត់ប្រមូលជូនក្រុមខ្លួនតែប៉ុណ្ណោះ។
តាមការលួចបង្ហើបពីមន្រ្តីនគរបាល និងប្រជាពលរដ្ឋខាងលើនេះបានឱ្យដឹងថា រឿងទាំងនេះ លោកឧត្តមសេនីយ៍ផ្កាយ២ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឹ ជាអ្នកឲ្យដៃ នៅពីក្រោយរឿងនេះទាំងស្រុង ទើបប្អូនថ្លៃរបស់ខ្លួនហ៊ានធ្វើរឿងទាំងអស់នេះ នៅពេញទូទាំងខេត្ត ដោយមិនញញើតខ្លាចអ្វីឡើយ។
សម្រាប់លោកឧត្តមសេនីយ៍ទោ សម សាមួន កាលពីពេលថ្មីៗនេះ ក៏មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយផងដែរ គឺការដោះលែងជនសង្ស័យជាមេចោរកាច់កម៉ូតូនៅស្រុកឧដុង្គ និងចោរផ្សេងៗទៀតជាច្រើន ដោយមិនខ្លាចអំណាចច្បាប់ ដោយអាងខ្លួនជាស្នងការខេត្ត រហូតមានរឿងជាមួយព្រះរាជអាជ្ញា និងតុលាការទៀតផង និងពុំសូវមានប្រជាពលរដ្ឋដែលចូលចិត្តគាត់ឡើយ។
ជុំវិញករណីមន្រ្តីនគរបាលកាងបទល្មើសទាំងនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន សូមជួយមានចំណាត់ការលើលោកឧត្តមសេនីយ៍ទោ សម សាមួន និងក្រុមគ្រួសារផង និងសូមចាត់ឲ្យក្រុមការងារអធិការកិច្ច ក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវលើករណីនេះផង ដើម្បីលុបបំបាត់រាល់បាតុភាពទាំងឡាយរបស់មន្រ្តីនគរបាលថ្នាក់ក្រោម ដែលរកស៊ី និងពាក់ព័ន្ធបទល្មើសទាំងនេះ និងសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ របស់ប្រជាពលរដ្ឋទូទាំងខេត្តផង៕ស តារា