ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពេលវាយប្លន់យកម៉ូតូ កាលពីម៉ោងជិត៦យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ផានិត ហៅឃ្និត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលផ្លូវលំ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាងខារ៉ាអូខេ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ នៅ សុខហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលផ្លូវលំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងសំណង់ ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2406 ដោយបានទុកទូរស័ព្ទដៃ១គ្រឿងម៉ាក អូប៉ូ នៅក្រោមកែបម៉ូតូ ហើយឌុបមិត្តភក្កិម្នាក់ឈ្មោះ ចាត់ រដ្ឋា ចេញពីធ្វើការសំណង់នៅសង្កាត់បឹងកក់១ ដើម្បីត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ឈ្មោះ ចាន់ ផានិត និងឈ្មោះចិន ជិះម៉ូតូមកក្បែរហើយជនសង្ស័យឈ្មោះចិន ដោះមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ ហើយក៏ផ្តួលម៉ូតូទុកចោល ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះចាន់ ផានិត ស្ទុះចូលទៅចាប់វាយជនរងគ្រោះឈ្មោះនៅ សុខហួរ ត្រូវចំផ្ទៃមុខជាច្រើនដៃជាមួយគ្នានោះ ជនសង្ស័យម្នាក់ទៀតឈ្មោះចិន បានលើកយកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ជិះគេចខ្លួនបាត់ទន្ទឹមនោះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ចុះមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ផានិត យកទៅសាកសួរតែម្តង ។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2406 និងទូរស័ព្ទដៃ០១គ្រឿង (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ