ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និង កាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់នៅក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ដើមី្បក្នុងការរៀបចំឲ្យមានសណ្តាប់ធ្នាប់រៀបរយ និង ធ្វើឲ្យកាន់តែមានសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រខេត្ត សៀមរាប ដែលជាខេត្តប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមក ទស្សនាកម្សាន្ត នៅតាមប្រាង្គប្រាសាទ និង តំបន់រមនីយដ្ឋានធម្មជាតិ ព្រមទាំងការលើកកម្ពស់កិត្តិសយខេត្តទៀតផង ។

ក្រោយពីការជូនដំណឹងរបស់អាជ្ញាធរខេត្ត ក្រុងមួយរយៈពេលកន្លងមក នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត បានចុះអនុវត្តធ្វើការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និង លើសទំហំកំណត់ ដែលបានដាក់រំលោភលើដីចំណីផ្លូវ នៅក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និង មានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ។

តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន បានបញ្ជាក់ពីគោលបំណង ក្នុងការចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់រំលោភលើដីចំណីផ្លូវនេះគឺ ដើម្បីរៀបចំឲ្យមានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុងប្រវត្តិសាស្ត្រ ។ ក្នុងការអនុវត្តនីតិវិធីនេះ ដើម្បីឲ្យពួកបងប្អូន ដែលប្រកបអាជីវកម្ម និង លើកនូវស្លាកយីហោរបស់ខ្លួន គឺត្រូវទៅដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ និងលុបបំបាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញតក្នុងក្រុងសៀមរាបទាំងមូល ឲ្យសក្តិសមជាក្រុងទេសចរ ប្រវត្តិសាស្ត្រ ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត និង ឲ្យមានភាពទាក់ទាញខ្លាំងទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អ និងលើកតម្កើងពីកិត្យានុភាពវប្បធម៌ជាតិទៀតផង។

ក្នុងកិច្ចប្រតិបត្តិការក្នុងការរុះរើនេះ ក្រុមការងារយើង ក៏បានរងនូវពាក្យសម្តីមិនសមរម្យ ពីម្ចាស់លំនៅដ្ឋានដែល បានលើកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន រំលោភទៅលើចំណីផ្លូវសាធារណៈ ព្រមទាំងបានលើកឡើងថា ពុំដែល មានអាជ្ញាធរថ្នាក់ណាធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់ពួកគាត់ឡើយ ។ តែពាក្យសម្តីដែលពួកគាត់លើកឡើងទាំងនេះ គឺដើមី្បធ្វើការបង្អាក់ដល់ការងាររបស់ក្រុមចម្រុះតែប៉ណ្ណោះ ។

តាមការលើកឡើងរបស់អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា មុនធ្វើកិច្ចប្រតិបត្តិការនេះ ទាំងអាជ្ញាធរខេត្ត អាជ្ញាធរក្រុង បានជូនដំណឹងដល់ពួកគាត់ តាមការផ្សព្វផ្សាយតាមទូរទស្សន៍ខ្សែកាម វិទ្យុទៀតផង ។ លោកបានឲ្យដឹង ទៀតថា រាល់ពាក្យដោះស្រាយរបស់បងប្អូន គឺបានបំពានមកលើអាជ្ញាធរ នៅពេលដែលក្រុមការងារចុះធ្វើការរុះរើ ជារៀងរាល់លើក ព្រមទាំងឲ្យធ្វើកិច្ចសន្យាទៀតផងជាមួយពួកគាត់ តែគឺនៅតែដដែល ព្រមទាំងគើនដល់សមត្ថកិច្ចយើង ថែមទៀតផង ។

សកម្មភាពប្រតិបត្តិការរបស់ក្រុមការងារបានចាប់ដំណើការផ្ដើមពីចំណុចគល់ស្ពានព្រះរាជដំណាក់ ឆ្ពោះទៅទី ប្រជុំជនផ្សារលើធំថ្មី តាមបណ្ដោយផ្លូវជាតិលេខ៦ និងបន្តរហូតដល់ព្រំប្រទល់ក្រុងសៀមរាបនិងស្រុកប្រាសាទបាគង ។ តែនៅថ្ងៃនេះ ក្រុមចម្រុះបានចុះអនុត្តន៍ ចាប់ពីគល់ស្ពានព្រះរាជដំណាក់ ដល់សណ្ឋាគារបុរីអង្គរ ដោយធ្វើការរុះរើទាំង សង្ខាងផ្លូវផងដែរ ៕ប៊ុនរិទ្ធី


ចែករំលែក៖