ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង យ៉ាងសកម្មក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។
ជនសង្ស័យទាំង ០២នាក់ នេះ គឺជាមុខសញ្ញាធ្វើសកម្មភាពឆក់យ៉ាងសកម្ម ដែលអាចហៅថា ជាចោរឆក់ “អាជីព” ដោយរូបគេទាំង ០២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនឆ្នាំ ,ច្រើនរយលើក ហើយថែមទាំងធ្លាប់ឆក់បានសម្រេច ជាទឹកប្រាក់ ខ្ទង់ម៉ឺនដុល្លា ផងដែរ ។ ជនសង្ស័យទី១/ ឈ្មោះ ស៊ុន ម៉េងស៊ឺ អាយុ ១៦ឆ្នាំ
ជនសង្ស័យទី២/ ឈ្មោះ ហួត ឆៃណា អាយុ ១៦ឆ្នាំពួកគេទាំង ០២នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រដេញតាមឃាត់ខ្លួនបានភ្លាមៗ ខណៈដែលរូបគេព្យាយាមជិះម៉ូតូ រត់គេចខ្លួនពីសមត្ថកិច្ច ក្រោយពេលដែលពួកគេ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងជិត១២យប់ នៅចំណុច ផ្លូវលេខ២១៤ កែង៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ សារភាពឲ្យដឹងដូចៗគ្នា មុខចេញធ្វើសកម្មភាពឆក់ពួកគេបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិឈ្មោះ អាសង់តា នៅខណ្ឌឬស្សីកែវ ក្រោយពេលផឹកស៊ីហើយពួកគេ បានបបួលគ្នា ដើររកឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌ផ្កាឈូក លាយស ស្លាកលេខ ភ្នំពេញ 1AQ-9712 ។ លុះពេលជិះដល់ផ្លូវលេខ២១៤ មុខខារ៉ាអូខេ X2 ពួកគេឃើញជនជាតិចិនប្រហែល ០៦នាក់ និងមានយួរកាបូបជាប់ដៃ ជាឳកាសល្អ រូបគេទាំង ០២នាក់ បានជិះទៅក្បែរហើយ ឆក់យកកាបូបពីដៃជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញឃើញ បានប្រដេញតាមភ្លាមៗ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួនពីសមត្ថកិច្ច តែពុំអាចគេចខ្លួនរួចនោះទេ ។
រូបគេទាំង ០២នាក់ ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០១៩ ពួកគេ ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ចំនួន ០៥លើកមកហើយ ។ លើកទី១ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo នៅមុខព្រះបរមរាជវាំង ,លើកទី២ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone7 ពីជនជាតិចិន នៅម្តុំផ្សារកណ្តាល ,លើកទី៣ ឆក់បានកាបូប របស់ជនជាតិចិន នៅម្តុំលុច្សសារី ផ្លូវ២១៤ កែង៦៣ ,លើកទី៤ ឆក់មិនបានសម្រេច នៅម្តុំផ្សារកណ្តាល ,លើកទី៥ ឆក់កាបូបជនជាតិបារាំង មិនបានសម្រេច ។
រីឯឈ្មោះ ហួត ឆៃណា បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០១៥ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ១៥០លើក ហើយភាគច្រើនរូបគេធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ។ ក្នុងនោះ ០២លើក ដែលរូបគេចាំ គឺលើកទី១ ឆក់បានប្រាក់ ១៥,០០០ដុល្លាអាមេរិក ពីជនរងគ្រោះពីរនាក់ ជាប្តីប្រពន្ធ ,លើកទី២ ឆក់បានទូរស័ព្ទដៃ ០១គ្រឿង នៅមុខវត្តសំរោងអណ្តែត ៕ ជ្រោយពេជ្រ