ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកនៅពីក្រោយខ្នងនៃការព្រួយបារម្ភរបស់ជនជាតិភាគតិចដែលបានតវ៉ារឿងខ្លាចបាត់ដី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិចរស់នៅភូមិពូត្រុំ សង្កាត់រមនា បាននាំគ្នាទៅសាលា ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៣ មិថុនា ២០១៩ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ក្រោយពីពួកគាត់ឃើញមន្ត្រីបរិស្ថាននាំគ្នាចុះបង្គោលតាមដីចំការ និងដីព្រៃជាច្រើនកន្លែង គ្មានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយពួកគាត់ភ័យខ្លាចគេយកដីទុកឲ្យក្រុមហ៊ុន ។

បើតាមប្រភពបានឲ្យដឹងថា អ្នកភូមិជនជាតិភាគតិចទាំងនោះបានដឹងរួចហើយអំពីដីសហគមន៍,ដីកប់ខ្មោច,ដីចម្ការវិលជុំ…ត្រូវបានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកាត់ឃ្វៀលឲ្យគ្រប់គ្រងតាំងពីបួនប្រាំមុនមកម៉្លេះ ។ ដូច្នេះគម្រោងអភិវឌ្ឍន៍ណាមួយមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះឡើយ ។ ផ្ទុយទៅវិញអាចថាមានអ្នកនៅពីក្រោយខ្នងនៃការញ៉ុះញង់ឲ្យជនជាតិភាគតិចទាំងនោះតវ៉ា ។

តំណាងប្រជាសហគមន៍រស់នៅភូមិពូត្រុំបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជិត១០០នាក់ បាននាំគ្នាទៅកាន់សាលាក្រុង ដើម្បីសុំឲ្យលោកអភិបាលជួយពិនិត្យ និងរកដំណោះស្រាយ ករណីមានមន្ត្រីបរិស្ថានចុះបោះបង្គោលព្រំដីនៅជាច្រើនចំនុចជិតតំបន់ទឹកធ្លាក់ក្បាលព្រះ ដែលកំពុងលេចឮថាមានក្រុមហ៊ុនមួយកំពុងស្នើរសុំអភិវឌ្ឍន៍ដីទីនោះទៅជាកន្លែងកម្សាន្ត ។

ករណីខាងលើអ្នកភូមិមានការព្រួយបារម្ភអំពីការបាត់បង់ដីធ្លីដូចជា ដីចំការ ដីតំណម និងដីកប់ខ្មោចជាដើម ។ មិនត្រឹមតែនាំគ្នាទៅកាន់សាលាក្រុងនោះទេ ក្រុមអ្នកភូមិបានដាក់លិខិតជំទាស់នឹងតវ៉ាទៅអភិបាលខេត្ត ដោយបានលើកឡើងថា ពួកគាត់កើតទុក្ខមិនសុខចិត្តសុំប្តឹងចំពោះករណីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ព្រមទាំងប្រធានសហគមន៍នៅក្នុងភូមិពូត្រុំ ដែលបាននាំគ្នាទៅដាក់បង្គោលយកដីទំហំ៧២ហិកតា នៅត្រង់ចំនុចទឹកធ្លាក់ក្បាលព្រះ សម្រាប់ឲ្យទៅក្រុមហ៊ុន ធ្វើការវិនិយោគដោយគ្មានការពិគ្រោះយោបល់ពីអ្នកភូមិ ។

ក្នុងលិខិតដដែលអ្នកភូមិពូត្រុំបានស្នើរសុំដល់អភិបាលខេត្តមណ្ឌលគិរីពិចារណាលើការប្តឹងជំទាស់ ចំពោះការវិនិយោគនៅលើផ្ទៃដី៧២ហិកតានេះដែលជាគម្រោងប៉ះពាល់ដល់ដីតំណម និងព្រៃខ្មោចចាស់ ដែលអ្នកភូមិទាំងអស់គ្នាកំពុងថែរក្សាយូរយាណាស់រហូតមកដល់បច្ចុប្បន្ន ។

ឆ្លើយតបករណីខាងលើនេះលោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ការចុះបោះបង្គោលតាមដីសហគមន៍ ឬដីចំការនានានៅក្បែរទឹកធ្លាក់ក្បាលព្រះ គឺមន្ត្រីជំនាញគ្រាន់តែកំណត់ឲ្យបានច្បាស់ថា តើដីណាមួយជាកម្មសិទ្ឋរបស់អ្នកភូមិ ឬដីព្រៃសម្រាប់កប់ខ្មោច ពោលចែកឲ្យដាច់រវាងដីសម្រាប់ការអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ ដែលបម្រើផលប្រយោជន៍ដល់សាធារណៈ ជាពិសេសបងប្អូនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង ។ លោកអភិបាលក្រុងថា ការវិនិយោគរបស់ក្រុមហ៊ុននឹងហុចផលវិជ្ជមានជាច្រើនដល់ប្រជាសហគមន៍ នៅពេលមានការអភិវឌ្ឍបានល្អស្អាតអ្នកភូមិអាចលក់ផលិតផលនានាជូនភ្ញៀវទេសចរណ៍ ដើម្បីបង្កើនចំណូលប្រចាំថ្ងៃផ្គត់ផ្គង់គ្រួសារ ។

ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីតវ៉ានេះប្រជាពលរដ្ឋគាត់នៅតែមានការព្រួយបារម្ភអំពីការបាត់បង់ដីកម្មសិទ្ធ របស់ពួកគាត់ដែលកំពុងអាស្រ័យផលតាំងពីដើមមក ។ ប៉ុន្តែជាការពិតវាមិនដូចអ្វីដែល អ្នកភូមិកំពុងគិតនោះទេ ។

លោកប្រធានមន្ទីរបានបន្ថែមថា ប្រជាពលរដ្ឋនៅតំបន់នោះយើងបានចុះបញ្ជីដីរបស់ពួកគាត់ដើម្បី ឲ្យគាត់បានកាន់កាប់ស្របច្បាប់តាមប្រពៃណីរួចរាល់អស់ហើយ មានព្រៃកប់ខ្មោច,ដំណាំចម្ការវិលជុំ ឬព្រៃដូនតាជាដើម ។ អ្វីដែលយើងបានធ្វើទៅតាមសំណូមពររបស់ពួកគាត់តាំងពី៤,៥ឆ្នាំមុន ដោយយើងរំពឹងថាមិនឲ្យមានបញ្ហាតវ៉ាអ្វីទេ ។ ដូច្នេះការតវ៉ានេះនាំឲ្យមានមន្ទិលអាចថាមានអ្នកនៅពីក្រោយខ្នង ។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថា តើក្រុមហ៊ុនណានោះទេ ដែលត្រូវចូលទៅវិនិយោគនៅ ទឹកជ្រោះក្បាលព្រះ តែបើតាមប្រភពមានក្រុមហ៊ុនចំនួន៧ដែលបានដាក់សំណើរទៅក្រសួងបរិស្ថាន ដើម្បីអភិវឌ្ឍន៍ដីនោះតំបន់នោះលើទំហំផ្ទៃដីចំនួន៧០ហិកតា ៕ ហេង សូរិយា


ចែករំលែក៖