ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះប្រមូលជនអនាថាបាន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនអនាថាចំនួន៥នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារថ្មី២ ចុះរដ្ឋបាលបន្តប្រមូលជនទាំងនោះ ដែលតែងតែដើរដេកតាមសំយាបផ្ទះពលរដ្ឋយ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់នូវសោភ័ណភាពទីក្រុងផងដែរ ។

ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ​១កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស ​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមដើមឫស្សីផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរខណ្ឌបន្តចុះធ្វើរដ្ឋបាលជាប្រចាំថ្ងៃដូចភ្លៀងរលឹម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ អានាម័យ និងប្រមូលជនអនាថា ប្រុស ស្រី ដែលតែងតែមកដេកអនាធិបតេយ្យ ។

ជាលទ្ធផលឃាត់ខ្លួនបានជនអនាថាចំនួន៥នាក់ សុទ្ធតែជាមនុស្សប្រុស ដោយពួកគេកន្លងមក ដើរដេកតាមចិញ្ចើមផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ ។

បច្ចុប្បន្នជនអនាថាទាំង៥នាក់នោះ បានបញ្ជូនទៅសាលាខណ្ឌ ដើម្បីបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញអប់រំបន្ត ៕ ស តារា


ចែករំលែក៖