ភ្នំពេញ៖ គួរឲ្យអាណិតណាស់ វាសនាមើលមិនឃើញមែន! បុរសជនជាតិចិនម្នាក់ ខំធ្វើដំណើរតាំងពីស្រុកកចិនបំណងមកលេងនិងកូនប្រុសស្រី ប្រកបការងាររកស៊ីនៅស្រុកខ្មែរ ហើយដោយសារតែការនឹករលឹកកូនៗខ្លាំងពេក ទើបធ្វើដំណើរមកស្រុកខ្មែរ តែអកុសល គាត់បានមកស្នាក់នៅកន្លែងកូនបាន៥ថ្ងៃ ស្រាប់តែ ងងឹតមុខដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចឃ្លាំង សិប្បកម្មផលិតទ្វារ បង្អួចអ៊ីណុកមួយកន្លែង ក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹថា ជនរងគ្រោះ ឈ្មោះ BIE ZHANBIAO ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន មានទីលំនៅ ខេត្ត GUANGDOMG ប្រទេចិន កាន់លិខិតឆ្លងដែលលេខ CE86364396 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មកទេសចរណ៍ ហើយទើបទៅលេងកូន និងស្នាក់នៅ សិប្បកម្ម របស់កូន ចំណុចខាងលើបាន៥ថ្ងៃ ។
តាមការបំភ្លឺពីកូនប្រុសស្រី តាមរយ:អ្នកបកប្រែ បានឲ្យដឹងថា ជនរងគ្រោះជាឪពុក ហេតុតែនឹកកូនៗពេក ខំធ្វើដំណើរតាំងពីស្រុកចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ក្នុងនាមទេសចរណ៍ ដើរកម្សាន្ត តាមរមណីយដ្ឋាន មួយចំនួនក្នុងប្រទេសកម្ពុជា ហើយទើបមកលេង កន្លែងសិប្បកម្មកូន បាន៥ថ្ងៃនេះទេ ស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះ បន្ទាប់ភ្ញាក់ពីដំណេក អង្គុយលុបលាងមុខ លុះងើបវិញស្រាប់តែងងឹតវិលមុខ ដួលផ្ងារក្រោយ សន្លប់ស្ងាត់មាត់ យកទៅពេទ្យមិនទាន់ផង ស្លាប់បាត់ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។
សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យស្រាវជ្រាវឃើញថា ជនរងគ្រោះសម្ពាធឈាមឡើងខ្ពស់ លុះដល់ដួលបោកផ្ងារក្រោយ ធ្វើឲ្យដាច់សរសៃឈាម ខួរក្បាល បណ្ដាលឲ្យស្លាប់តែម្តង រួចសមត្ថកិច្ច រួមជាមួយក្រុមគ្រួសារសព ដឹកយកទៅកន្លែងតម្កល់សពនៅមន្ទីរពេទ្យរុស្សី រង់ចាំឯកភាពពីស្ថានទូត ដើម្បីចាត់បញ្ជូនទៅប្រទេសចិន ៕តុង សីហា