ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ី ជីនពីង បំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

ចែករំលែក៖

ចិន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅលើពិភពលោក ហើយកន្លងមក រុស្ស៊ី និងចិនតែងតែ រារាំងអាមេរិក ឈ្លានពានប្រទេសផ្សេងទៀត ដោយយោធា ក្នុងនោះមាន វេណហ្ស៊ុយអេឡាជាដើម ។

នៅពេលនេះ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធន៍រុស្ស៊ី បានរៀបចំស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានមកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសរបស់លោក ចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។ លោកប្រធានាធិបតីចិន នឹងក្លាយជាភ្ញៀវដ៏សំខាន់បំផុតរបស់ប្រទេសរុស្ស៊ី ។

លោក ស៊ី ជិនពីង បានទៅដល់ប្រទេសរុស្ស៊ី នៅថ្ងៃពុធ ខែមិថុនា ឆ្នាំ២០១៩ ហើយដំណើរទស្សនកិច្ចនេះ ត្រូវគេរំពឹងថា ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ នឹងមានកិច្ចព្រមព្រៀងវិនិយោគ លើវិស័យពាណិជ្ជកម្មរួមគ្នា ក៏ដូចជា រួមគ្នាប្រឆាំងនឹងអ្វីដែលគេមើលឃើញថា ជាទង្វើដ៏ហួសប្រមាណរបស់អាមេរិក ។

ទាំងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង សុទ្ធតែស្ថិតនៅក្រោមការវាយប្រហារតាមរយៈសង្គ្រាមពាណិជ្ជកម្ម ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដូចគ្នា ។ នៅក្នុងឱកាសនោះដែរលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធន៍រុស្ស៊ី និងលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងរឹតនូវចំណងមិត្តភាពជាមួយគ្នា ដើម្បីបញ្ចៀសនូវការមិនទុកចិត្ត រវាងប្រទេសទាំងពីរ ដែលអូសបន្លាយ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ មេដឹកនាំកំពូល នៃប្រទេសទាំងពីរ នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាចំនួនពីរ រួមមាន ទី១-សេចក្តីថ្លែងការណ៍ ស្តីអំពីទំនាក់ទំនងស្អិតល្មួត រវាងប្រទេសទាំងពីរ និង ទី២-សេចក្ដីថ្លែងការណ៍ ទាក់ទងនឹងការប្រឆាំងរួមគ្នា ចំពោះ «ការគ្រប់គ្រងលើប្រព័ន្ធអន្តរជាតិ» ។

លោក Zhang Hanhui អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន កាលពីសប្តាហ៍មុននេះ បានហៅដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ទៅកាន់ប្រទេសរុស្ស៊ី នាពេលនេះថា »ជា ដំណើ់រទស្សនកិច្ចដ៏សំខាន់មួយ» ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ។ «កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព រវាងរុស្ស៊ី និងចិន ស្តីពីកិច្ចការអន្តរជាតិ… នឹងក្លាយកម្លាំងសម្របសម្រួល កម្លាំងស្ថិរភាព នៅអំឡុងពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងស្ថានភាពអន្តរជាតិ » ៕


ចែករំលែក៖