ព័ត៌មានទាន់ហេតុការណ៍៖

ប៉ើងដំបូលរោងចក្រ «FTEO» របួសកម្មករជាង១០នាក់ និង រលំបង្គោលភ្លើង១៩ដើម ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់

ចែករំលែក៖

ភ្នំពេញ៖ ភ្លៀង និងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំងបាន បណ្ដាលឲ្យប៉ើងដំបូលអគាររោចក្រកាត់ដេរមួយកន្លែង យីហោ «FTEO» ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យមានឲ្យកម្មការិនីជាង១០នាក់រងរបួស ព្រមទាំងបានធ្វើឲ្យសម្ភារ និងផលិតផលនៅក្នុងអគារនោះទទួលរងនូវការខូចខាត ហើយរោងចក្រ ក៏ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នរង់ចាំការជួសជុលដំបូលផងដែរ ។ ដោយឡែកបង្គោលភ្លើងតង់ស្យង់មធ្យមចំនួន១៧ដើម រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ២ដើម ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានបាក់ដួលសង្កត់លើរថយន្ត និងតូបលក់ដូរទៀតផង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១មេធំហើយបានលាយឡំមកជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំងបានបក់បោកបណ្ដាលឲ្យប៉ើងដំបូលអគារ ចំនួន២រោងចក្រកាត់ដេរខាងលើ ហើយកម្មការិនីជាង១០នាក់ក្នុងចំណោម៧០០នាក់កំពុងបម្រើការងារ នៅក្នុងអគារនោះបានរងរបួសធ្ងន់ និងស្រាល ។ ចំណែកអ្នកដែលអត់របួសបានបាំគ្នារត់ចេញក្រៅទាំងមេឃកំពុងភ្លៀង និងខ្យល់ព្រមទាំងផ្គររន្ទះគួរឲ្យខ្លាច ហើយភ្លៀងនោះ រហូតដល់វេលាយប់ថ្ងៃដដែលទើបរាំង និងបណ្ដាលឲ្យសម្ភារៈ ព្រមទាំងផលិតនៅក្នុងអគាររោងទាំង២នោះបណ្ដលឲ្យមានការខូចខាតទៀតផង ។ លុះដល់វេលាព្រឹកថ្ងៃទី៥ ខែមិថុនា កម្មករបាននាំគ្នាទៅធ្វើការបន្តទៀត ប៉ុន្តែត្រូវបានថៅកែរោងចក្រអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងសម្រេចចិត្តបិទទ្វាររោងចក្រជាបណ្ដោះអាសន្ន រង់ចាំការជួសជុលឡើងវិញ ។

នៅក្នុងហេតុការណ៍នោះដែរ ក៏បានបណ្ដាលឲ្យមានបង្គោលខ្សែភ្លើងតង់ស្យុងមធ្យម១៧ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ២ដើមស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលក៏ត្រូវបានបាក់ដួលរលំដែរ ។ បណ្ដាលឲ្យសង្កត់លើរថយន្ត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺមម៉ក និងតូបលក់ដូរស្ថិតនៅលើចិញ្ចើមផ្លូវក្រោមខ្សែភ្លើងនោះផងដែរ ប៉ុន្តែទោះបីបែបណាមិនបានបង្កឲ្យមានអ្នករងរបួសឡើយ ។ ជាងនេះទៀតក៏បណ្ដាលឲ្យតំបន់ខាងលើដាច់ភ្លើងពេញ១យប់ថែមទៀតផង នេះគឺជាគ្រោះធម្មជាតិដែលគួរតែមានការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖