ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង បោះពួយលឿនស្ទុះបុកចូល ផ្ទះលក់ភេសជ្ជៈចាប់ហ៊ួយ របួសធ្ងន់ស្រាល ៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានស្ត្រីម្នាក់ បានរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែក ពូៗម៉ូតូឌុប៤នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយរថយន្ត សាំយ៉ុង មួយគ្រឿងបើកបរដោយបុសម្នាក់ ក្នុងល្បឿនលឿនមកដល់ ត្រង់ផ្លូវបំបែកជាបួន ប្រឹងជាន់ហ្វ្រាំង តែមិនស៊ី ប៊ួងចង្កូតបត់ឆ្វេង ក៏មិនបាន ទើបរថយន្តបោលត្រង់បុកចូលផ្ទះតែម្តង ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩ និង៣០នាទី ត្រង់ចំណុចផ្ទះលក់ ចាប់ហ៊ួយ និង ភេសជ្ជៈ «ចរិយា» បុរីជីបម៉ុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីម្ចាស់ផ្ទះដែលរងរបួសធ្ងន់ មានឈ្មោះ ឃួន ចរិយា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែក អ្នកបើកបររថយន្ត ជ្រ៊ុន ង៉ែត អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបរបើកបរឲ្យម្តាយ ដឹក សំបកការ៉ុង (ប៉ាវ) លក់តាមរោងចក្រ និងឃ្លាំង ។

មុនពេលកើតហេតុ គេឃើញមាន ពូៗម៉ូតូឌុប ៤ទៅ៥អង្គុយលេង អុកនៅតូបកាត់សក់ នៅសំយ៉ាប់ផ្ទះលក់ ចាប់ហ៊ួយភេសជ្ជៈ យីហោ«ចរិយា» ខណៈកំពុងលេងសុខៗ ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៍ ស្លែរពាក់ស្លាកលេខ ភ្នំពេញ បើកបរ ដោយមបុរសម្នាក់ រួមដំណើរជាមួយម្តាយ ធ្វើដំណើរតាមផ្លូវបេតុង ពីលិចទៅកើត ក្នុងលឿនលឿន មកដល់ផ្លូវបំបែកជា បួន ខំជាន់ហ្វ្រាំងណាស់ដែរ តែហ្វ្រាំងមិនស៊ីទាល់តែសោះ ហើយបុកលេខក៏មិនចូល ទើបអ្នកបើកមិនដឹងគេចទៅណា ក៏បោលរថយន្ត បុកចូលមួយប្រលោះផ្ទះលក់ចាប់ហ៊ួយ និងភេសជ្ជៈ «ចរិយា» បុកស្ត្រីម្ចាស់ផ្ទះ បណ្តាល ឲ្យប៉ើងបុក និងកញ្ចក់ផ្ទះរងរបួស ធ្ងន់ ចំណែកពូៗម៉ូតូឌុប៤នាក់ដែល កំពុងអង្គុយលេខអុក គេចទាន់រងរបួស្រាល ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ឃាត់យកអ្នកបើកបរទៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីជៀសវាងបង្កហឹង្សា ចំណែកស្ត្រីរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដោយឡែករថយន្តបង្ក ត្រូវបានជំនាញចរាចរណ៍ខណ្ឌ ប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែង យកទៅទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណង នៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖