ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់បណ្ដាលឲ្យរបើកដំបូលផ្ទះ ប៉ុន្តែមិនបណ្ដាលឲ្យអ្នកភូមិរងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នៅថ្ងៃអង្គារ ០២កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិ នៅក្នុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមអាជ្ញាធរ ស្រុកបានឲ្យដឹងថា ផ្ទះអ្នកភូមិដែលរងខ្យល់កន្ត្រាក់បណ្ដាលរបើកដំបូលមានផ្ទះឈ្មោះ លី សំអូន ភេទប្រុស អាយុ៤២ ឆ្នាំ ស្ថិតនៅភូមិអន្លង់ស្អាន ឃុំស្វាយចេក ដែលមានទំហំ២០ម៉ែត្រគុណ និង២៥ម៉ែត្ររបើងយាមខាងមុខទាំងស្រុង និង ដំបូលខាងក្រោយចំនួន១០សន្លឹក ។ ទី២មានឈ្មោះ អាំ សុខន ភេទប្រុស អាយុ៤២ ឆ្នាំ ស្ថិតនៅភូមិអន្លង់ស្ពាន មានទំហំ៥ម៉ែត្រគុណនុង៨ម៉ែត្រ របើកដំបូលសង្ក័សី០១សន្លឹក ។ ទី៣មានឈ្មោះឃុតយូ ភេទប្រុស អាយុ៤០ ឆ្នាំ ស្ថិតនៅភូមិពពូល ឃុំស្វាយចេក មានទំហំ៥ម៉ែត្រគុណនឹង៩ម៉ែត្រ ខូចខាត របើកដំបូលសង្ក័សីទាំងស្រុង និងទី៤មានឈ្មោះគង់ ខុន ភេទប្រុស អាយុ៣២ ឆ្នាំ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេកមានទំហំ៣ម៉ែត្រគុណ និង៤ម៉ែត្រដោយរងការខូចខាត របើកដំបូលរោងបាយទាំងស្រុង ។
ប្រភពបន្តថា បន្ទាប់ពីមានខ្យល់កន្ត្រាក់រួចមកអាជ្ញាធរ ឃុំបានចុះមកពិនិត្យនៃការខូចខាតផ្ទះអ្នកភូមិភ្លាមៗប៉ុន្តែមិនមានអ្នកភូមិរងគ្រោះថ្នាក់អ្វីនោះទេ ៕ យឹម សុថាន