ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់បានស្ទូចលើអេស្កាវ៉ាទ័រធុចតូចមួយគ្រឿង មិនបានមើលលើ បែរជាដងស្ទូចទៅទាក់ប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យឆ្លងឆក់រងរបួសធ្ងន់ ត្រូវបានរថយន្តកងពល់តូច៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅយានដ្ឋានមួយកន្លែង ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ យឹម ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ បកបររថយន្តស្ទូច មានទីលំនៅ សង្កាត់បឹងក់១ ខណ្ឌទួលគោក ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខាងយានដ្ឋានចំណុចខាងលើ ទូរស័ព្ទហៅជួលរថយន្តរបស់គាត់ឲ្យមកលើកគ្រឿងចក្រ ប្រភេទអេស្កាវ៉ាទ័រ ធុនតូចមួយគ្រឿង ហើយខណៈដែលរៀបចំស្ទូចលើក បើកប្រតិបត្តិការ លើកដងស្ទូច ស្រាប់តែជ្រុលទៅប៉ះនឹងខ្សែកាបភ្លើង នៅពីខាងលើ បណ្តាលឲ្យទាក់ឆ្លងឆក់តែម្តង ។
ក្រោយពីជួបឧប្បត្តិហេតុ ឆក់ចរន្តភ្លើងខាងលើ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយលើកយកចេញ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ចំណែករថយន្តស្ទូចនៅទាក់ជាប់នឹងខ្សែកាប ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងទាក់ទង ទៅខាងអគ្គិសនី មកពិនិត្យ ដើម្បីយករថយន្តស្ទូចចេញវិញ ៕ សុខាសែនជ័យ