ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិចងព្យួរកធ្វើអត្តឃាតក្រោមផ្ទះ សង្ស័យជំពាក់លុយអង្គការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាការពារភូមិដាច់ចិត្តចងព្យួរក ធ្វើអត្តឃាតក្រោមផ្ទះ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ខណៈគេអះអាងអាចបណ្ដាលមកពីជំពាក់លុយអង្គការ ។

ហេតុការណ៍បុរសប្រជាការពារភូមិសម្រេចធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដូននាគ (ក្រោមផ្ទះជនរងគ្រោះ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រជាការពារភូមិចិត្តស្រាលឈ្មោះ សុឹម សុខរះ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ កើតហេតុខាងលើ ។

ប្រភពខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះមានការផឹកស៊ី ហើយចេះតែពោលពាក្យថា អញចង់តែងាប់ លុះចប់ការផឹកស៊ីរហូតដល់យប់ជ្រៅ កូនប្រពន្ធប្រទះឃើញចងព្យួរកដោយខ្សែនីឡុង ដែលវិញសំរាប់ដាក់អន្ទាក់សត្វបង្កការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពដដែលបន្តទៀតថា ករណីសមត្ថកិច្ចជំនាញកោសល្យវិច័យ សហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មូលហេតុជំពាក់លុយអង្គការច្រើន សាកសពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖