ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ខ្នោះថ្មីទៀតហើយ សមត្ថកិច្ចថៃចាប់ខ្លួនពលករ ដោយសារមេឈ្មួញឈើឆ្លងដែនសុទ្ធតែជាមន្រ្ដីយោធា និងមន្រ្ដីនគរបាលវរៈការពារព្រំដែនគោក លេខ៧០២

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅក្នងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលបានល្បីជាច្រើនឆ្នាំមកហើយរឿងចរាចរណ៍បទល្មើសឈើប្រណីតឆ្លងដែន​ សំបូរទៅដោយអ្នកមានអំណាច ជាមន្រ្ដីយោធា និងមន្រ្ដីប៉ូលិសដែលឈរជើងនៅទីនោះ ដែលមានការប្រមូលប្រជាពលរដ្ឋចូលកាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃ ដែលជាមូលហេតុបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ​ ជាច្រើននាក់ និងជាបន្តបន្ទាប់ ។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ឈ្មោះសុខ តឿ​ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដើមជ្រៅ សង្កាត់អូស្មាច់ ក្រុងសំរោង​ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនរួមនឹងវត្ថុតាងឈើក្រក់ ឈើគ្រញូងចំនួនពីរកូនដុំ និងបន្តនាំខ្លួនយកទៅចាត់ការអនុវត្ដទៅតាមផ្លូវច្បាប់ប្រទេសថៃ ។

ប្រភពបានបង្ហើប​ឲ្យ​ដឹងថា​ មេឈ្មួញប្រមូលទិញឈើប្រណីតឆ្លងដែនមកពីប្រទេសថៃ នៅក្នុងសង្កាត់អូស្មាច់ ដែលជាដើមហេតុ និងជាមូលហេតុបណ្ដាលឲ្យពលករជាច្រើនអ្នកត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះរួមមាន ឈ្មោះថន ជាមន្រ្ដីនគរបាលវរ:ការពារព្រំដែនគោក៧០២ កូនចៅរបស់លោកវរ:សេនីយ៍ឯក​ គង់ សុខាន់​ ។ ប្រភពបានបង្ហើបថា មេឈ្មួញរូបនេះ ត្រូវបានលោកមេបញ្ជាការនៅពីក្រោយខ្នង ព្រោះរកស៊ីចរាចរណ៍ឈើប្រណីតឆ្លងដែនច្រើនឆ្នាំមកហើយ​ ដោយគ្មានការហាមឃាត់ពីមេបញ្ជាការ ។

ឈ្មោះ ឈឿង សក្ក័ ជាមន្រ្ដីយោធាបម្រើការងារនៅកងពលតូចលេខ៤២ កូនចៅរបស់លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ​ ។ ប្រភពបានបង្ហើបឲ្យដឹងថា លោក ប៉ែន វយ ជាអ្នកបើកដៃឲ្យរកស៊ីបទល្មើស កន្លងទៅ ។ លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ បានឲ្យអ្នកសាព័ត៌មានដឹងកន្លងទៅថា លោកដឹងខ្លះ មិនដឹងខ្លះ ចំពោះសកម្មភាពរកស៊ីបទល្មើសឈើឆ្លងដែនមន្រ្ដីរបស់លោក ឈ្មោះ ឈឿង សក្ក័​ លោកបញ្ជាក់ថា បើចង់ចាប់ឲ្យចាប់ទាំងអស់គ្នា កុំឲ្យមានភាពលំអៀង ។ ឈ្មួញ ឈ្មោះធឿន​ ជាមន្រ្ដីយោធា និងឈ្មួញ ឈ្មោះ​ បិបឹ ជាមន្រ្ដីយោធា ។ មេឈ្មួញប្រមូលទិញឈើប្រណីតទាំងបួននាក់ខាងលើនេះហើយជាអ្នកកៀងគរ ពលករកាប់ឈើប្រណីតនៅក្នុងទឹកដីថៃ ដែលជាដើមហេតុ និងជាមូលហេតុ​ជាមេបញ្ហា បង្កឲ្យមាន​ អសន្តិសុខនៅតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា ថៃ នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក៏ព្រោះតែ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ពលករគ្មានស្រាកស្រាន្ដ ជាច្រើននាក់ កន្លងទៅដោយគ្មានអ្នកទទួលខុសត្រូវ ។

រហូតមកដល់ពេលនេះ ភាពអសន្តិសុខមកលើពលរដ្ឋនៅតែបន្តកើតមានជាហូរហែ និងអត់ឈប់ឈរ ។

ហេតុនេះ សូមលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មានវិធានការផង ព្រោះល្បីឈ្មោះមេឈ្មួញចរាចរណ៍ឈើប្រណីតឆ្លងដែនទាំងបួននាក់ខាងលើ ។

ជាពិសេសមន្រ្ដីប៉ូលិសឈ្មោះ ថន មេឈ្មួញឈើចរាចរណ៍ឈើឆ្លងដែន ក៏ជាមូលហេតុដ៍ធំផងដែរ ក្នុងការបង្កអសន្តិសុខរហូតមក ៕ ប៉ែន​ នួន


ចែករំលែក៖