ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនឃាតកម្នាក់ ក្រោយធ្វើសកម្មភាប្រើដុំថ្ម, ដាវ, ដំបងដែកទីប និងបើករថយន្តបុកបុរសម្នាក់ស្លាប់ នៅមុខខារ៉ាអូខេឌីយ៉ាម៉ង់ ស្ពានដែកចំការដូង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកំពត ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ បានកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃសុក្រ ​​៥កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស ​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឪពុកក្មេកឈ្មោះ មាស ចែត ស្ថិតនៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ (ប្រើដុំថ្ម, ដាវ, ដំបងដែកទីប និងបើករថយន្តបុក) ត្រង់ចំណុចខាងមុខខារ៉ាអូខេឌីយ៉ាម៉ង់ ផ្លូវ២១៧ ស្ថិត នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ។

មន្រ្តីជំនាញខណ្ឌដង្កោ បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ របស់ឈ្មោះ ពេញ សំបូ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាម្តាយមីងរបស់សពឈ្មោះ អ៊ុ តុល ហៅ លិញ ភេទប្រុស អាយុ២៧ឆ្នាំ) និងតាមពាក្យបណ្តឹង ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ របស់ជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ រិ​ន រ៉េត ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​អង្គ​រំដួល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត ។​ វត្ថុតាងចាប់យករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-7825 មានលេខតួJTEGF21A410015582 និងលេខម៉ាស៊ីន1MZ1157484 ។

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខឯកជន FBF មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកយាមហាងលក់ទូរស័ព្ទ BIG PHONE ស្ថិតនៅភូមិម័ល ខាងលើ ។ ពេលនោះជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ (សព) បានដើរចេញពីកន្លែងយាមទៅទិញសាច់គោអាំងនៅខាងមុខ ខារ៉ាអូខេ ឌីយ៉ាម៉ង់ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រ ហើយបានចុចទូរស័ព្ទលេងហ្គេមក្បែររថយន្តម៉ាកហាយឡែនឌ័រ របស់ជនសង្ស័យ ដែលកំពុងតែចតនៅខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ នោះដែរ ។ ឃើញដូចនេះជនសង្ស័យជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រខាងលើ បានចុចកញ្ចក់រថយន្តចុះស្រែកឲ្យជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ ហើយក៏បានទាស់សំដីគ្នា រួចក្រុម ជនសង្ស័យបានចុះពីលើរថយន្តព្រួតគ្នាប្រើដែកបំពង់ទីប និងដៃ វ៉ៃទៅលើជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ ហើយជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ ក៏បានរត់គេចចូលទៅក្នុងភូមិខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ហៅឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូនជីដូនមួយ) ។

ប្រភពបានបន្ថែមទៀតថា ក្នុងហេតុការណ៍នោះពេលពួកគេ(ក្រុមជនរងគ្រោះ) ត្រឡប់មកវិញ បានទាញដុំថ្មគប់ទៅលើក្រុមជនសង្ស័យដែលមានរថយន្តចំនួន០២គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌សចំនួន០១គ្រឿង និងម៉ាកហាយឡែនឌ័រពណ៌ប្រផេះ ០១គ្រឿង ហើយរថយន្តទាំង០២គ្រឿងខាងលើនេះ រថយន្ត០១គ្រឿងពាក់ស្លាកលេខ ប្រហែល ភ្នំពេញ 2AT-2875 មានជនសង្ស័យចំនួនប្រហែល១០នាក់ ភេទប្រុស អាយុចាប់ពី២១ឆ្នាំ ទៅ៣០ឆ្នាំ មិនស្គាល់ឈ្មោះ រួចពួកគេទាំង០២ក្រុម ក៏បានប្រើ ដំបងដែកទីប, ដាវ,ដុំថ្ម គប់និងវ៉ៃគ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះឈ្មោះ អ៊ុ តុល ហៅ លិញ រងរបួសធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យបានបើករថយន្តបុកបន្ថែមឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់មកក្រុមជនសង្ស័យក៏បានបើករថយន្តមកបុកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ដែលកំពុងតែរងរបួសធ្ងន់ធ្ងរដែរនោះ បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ រួចក្រុមជនសង្ស័យបានបើករថយន្តទាំង០២គ្រឿងខាងលើ គេចខ្លួនតាមផ្លូវ២១៧ទៅទិសខាងជើងបាត់ តែម្តង ។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុយកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ មានរបួសបាក់ឆ្អឹងកដៃខាងស្តាំ, ដាច់រយះដៃខាងឆ្វេង០២កន្លែង និងក្បាលជាច្រើនកន្លែង ទៅសង្គ្រោះនៅក្លីនិចឯកជនឈ្មោះ សួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដេរសរុបចំនួន៤៥ថ្នេរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានការពារកន្លែងកើតហេតុ សាកសួរបំភ្លឺអ្នកនៅជុំវិញកន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ រួចរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ពេទ្យតុលាការ ឲ្យចុះមកធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពឈ្មោះ អ៊ុ តុល ហៅ លិញ ឲ្យទៅឈ្មោះ ហួត ឆៃលាង ភេទ ស្រី អាយុ៣៩ឆ្នាំមុខរបរលក់ដូរ (ត្រូវជាម្តាយចិញ្ចឹមរបស់សព) យកទៅធ្វើបុណ្យនៅវត្តសំបួរមាស ស្ថិតនៅភូមិម័លខាងលើ តាមប្រពៃណី ។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវយកផ្លាកលេខរថយន្តទៅឆែករកអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ និងឆែកកាមេរ៉ាសុវត្ថិភាព ពិនិត្យមើលអត្តសញ្ញាណជនសង្ស័យដើម្បីនាំខ្លួនយកមកសាកសួរតាមច្បាប់ ៕ ភារ៉ាដង្កោ


ចែករំលែក៖