ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើស្ងាត់ឈឹង​ចំពោះបទល្មើស​ព្រៃឈើនៅខេត្តកំពង់ធំ

ចែករំលែក៖

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ រហូតមកដល់ពេលនេះគឺបទល្មើសព្រៃឈើពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ ផ្ទុយទៅវិញបទល្មើសកើតឡើងខ្លាំងក្លាជាងមុនទៅទៀត ព្រោះលោក ប៊ុន សុធី គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ប៊ុន សុធី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងអាងមានលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ជាបង្អែកដ៏រឹងមាំ។

ប្រភពដែលស្និទ្ធនឹងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ធំ មានដេប៉ូលក់ឈើដ៏ធំមួយមួយកន្លែងដែលស្តុកឈើច្រើនជាងគេ គឺដេប៉ូ លី សៀង ហើយម្ចាស់ដេប៉ូនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់ដេប៉ូ លី សៀង ប្រមូលទិញឈើពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តសាំយ៉ុង រថយន្តកូរ៉េចំណុះ២តោនកន្លះ ចំណុះ៥តោន ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗហើយឈើទាំងនោះដឹកជញ្ជូនមកពីខេត្តព្រះវិហារ។ ការដែលម្ចាស់ដេប៉ូ លី សៀង អាចប្រមូលទិញឈើយ៉ាងរលូនគឺដោយសារអាងមានលោក ប៊ុន សុធី ជាបង្អែកដ៏រឹងមាំ គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ដេប៉ូលក់ឈើដ៏ធំនោះសោះឡើយ។

មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថាលោក ប៊ុន សុធី បានចាត់ទុកដេប៉ូ លី សៀង ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួនទើបបណ្ដោយឲ្យម្ចាស់ដេប៉ូនេះធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើពីខេត្តព្រះវិហារ យកមកលក់ឲ្យដេប៉ូ លី សៀង ក្នុងខេត្តកំពង់ធំ តែងតែចៀសផុតពីការបង្ក្រាបព្រោះម្ចាស់ដេប៉ូនេះយកឈ្មោះលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទៅប្រើប្រាស់ដើម្បីការពារអាជីវកម្មរបស់ខ្លួនយ៉ាងសុខស្រួល។ ដូច្នេះថ្នាក់ដឹកនាំក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ កំពុងបណ្ដោយឲ្យមានបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាល។ ប្រភពខ្លះបានឲ្យដឹងថា លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ជាបង្អែករឹងមាំរបស់លោក ប៊ុន សុធី ទើបមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ រូបនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត៕


ចែករំលែក៖