ភ្នំពេញ៖ ជនបរទេស២នាក់ ករណីយកលិខិតឆ្លងដែនជនបរទេស ផ្សេងៗទៅជួញដូរដោយខុសច្បាប់ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន ។
នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់នៅថ្ងៃទី៨ ខែមិថុនា នេះ ថា ជនសង្ស័យទាំង២នាក់ឈ្មោះ Vladymyr Antonevycm ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន និងឈ្មោះ Volodymyr Behal អាយុ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែនដូចគ្នា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ ក្នុងខណ្ឌចំការមន ។
សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ចេស្តា