ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើង៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច តែចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការបង្រ្កាប់ចោរឆក់ទូស័ព្ទដៃ ចាប់តាំងពីល្ងាចថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៩ ដល់ម៉ោង០៦:០០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បញ្ជូនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖ ១.ឈ្មោះ សាំង គឹមហោ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកបើកម៉ូតូ) ។ ២.ឈ្មោះ យី សំផុន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប(អ្នកលូកឆក់) ។ ៣.ឈ្មោះ ជា លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប(អ្នកយកទូរស័ព្ទលក់) ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧ៈ០០នាទី ពេលជនរងគ្រោះជិះម៉ូតូដោយដៃកំពុងកាន់ទូរស័ព្ទ ម៉ាកអាយហ្វូនសេវេន ផ្លើស ពណ៌ផ្កាឈូក មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AD-២៦០១ ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះរួចគេចខ្លួន ភ្លាមនោះៗ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានតាមវិទ្យុទាក់ទង (ម៉ូតូរ៉ូឡា) ក៏បានដឹកនាំកម្លាំងតាមដេញប្រផាប់ចាប់ប្រភីង រហូតដល់ចាប់បានជនសង្ស័យទាំងបីនាក់ និងម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងដកហូតទូរស័ព្ទរបស់ជនរងគ្រោះពីជនសង្ស័យទាំងបីនាក់ជាក់ស្តែងភ្លាមៗតែម្តង ។

វត្ថុតាងដកហូតរួមមាន៖១. ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AD.២៦០១ ។ ២. ទូរស័ព្ទ០១គ្រឿង ម៉ាកអាយហ្វូនសេវេនផ្លើស ពណ៌ផ្កាឈូក ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចឆក់ពិតប្រាកដមែន ។

លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងរៀបសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់កាបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖