កិច្ចប្រជុំ G-20 បានធ្វើឡើងនៅទីក្រុង Fukuoka ប្រទេសជប៉ុន ដោយបញ្ចប់ទៅយ៉ាងជោគជ័យបំផុត ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ បានបញ្ជាក់ថា បញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ច សម័យទំនើប គឺជាបញ្ហាសំខាន់បំផុតរបស់ក្រុមនេះ ។
សេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងថា “កំណើនសេដ្ឋកិច្ចសកល ហាក់ដូចជាមានស្ថិរភាព ហើយជាទូទៅត្រូវបានព្យាករថា នឹងកើនឡើង នៅពាក់កណ្តាលឆ្នាំនេះ និងឆ្នាំ២០២០ ។ ប៉ុន្តែកំណើននៅតែមានកម្រិតទាបនៅឡើយ ហើយហានិភ័យ នៅតែមានជាមូលហេតុ នាំឲ្យមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចផងដែរ” ។
សេចក្តីថ្លែងការណ៍នោះ បានបន្តថា “អ្វីដែលសំខាន់បំផុតនោះ គឺភាពតានតឹងពាណិជ្ជកម្ម និងភាពតានតឹងនយោបាយ បានកើតមានកាន់តែខ្លាំងឡើង ។ យើងនឹងបន្តដោះស្រាយបញ្ហាទាំងនេះ ហើយត្រៀមខ្លួនរួចរាល់ ដើម្បីចាត់វិធានការបន្ថែមទៀត” ។
រដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុ ក៏បានពិភាក្សាអំពីច្បាប់ពន្ធថ្មី ស្តីពីក្រុមហ៊ុនយក្ស អ៊ីនធឺរណេតពិភពលោកផងដែរ ដែលទទួលបានប្រាក់ចំណេញដ៏ច្រើនលើសលប់ តាមរយៈការផ្ទេរទិន្នន័យឆ្លងកាត់ ក៏ដូចជាការពិភាក្សាអំពីផលប៉ះពាល់ នៃប្រជាជនវ័យចំណាស់ លើបញ្ហាសេដ្ឋកិច្ចជាដើម ។
ពួកគេបានយល់ព្រមកែទម្រង់ច្បាប់ពន្ធលើសាជីវកម្មសកល លើក្រុមហ៊ុនយក្សអ៊ីនធឺរណេត ។ សេចក្តីថ្លែងការណ៍រួមបានបន្តថា “យើងសូមស្វាគមន៍ចំពោះវឌ្ឍនភាពនាពេលថ្មីៗនេះ ស្តីពីការដោះស្រាយបញ្ហាប្រឈមផ្នែកពន្ធ ដែលកើតមានតាមរយៈប្រព័ន្ធ ឌីជីថល និងគាំទ្រកម្មវិធីការងារ ប្រកបដោយមហិច្ឆតាខ្ពស់” ។
សេចក្តីថ្លែងការណ៍បន្ថែមថា យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីដំណោះស្រាយ ផ្អែកលើការឯកភាពគ្នា ជាមួយនឹងរបាយការណ៍ចុងក្រោយមួយ នៅដំណាច់ឆ្នាំ២០២០ ។
ទន្ទឹមនឹងនេះដែរ បណ្តារដ្ឋមន្រ្តីទាំងនោះ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ បញ្ឈប់ការធ្វើអ្វីមួយតែឯង ក្នុងការប្រកួតប្រជែង នាំឲ្យមានការធ្លាក់ចុះនូវរូបិយប័ណ្ណ ដែលគោលបំណង ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្ម មិនយុត្តិធម៌ ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងនោះ បានសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្តល់មូលនិធិដល់ក្រុមភេរវករ តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិសិប្បនិម្មិត និងបង្កើនបទប្បញ្ញត្តិលើការជួញដូររូបិយប័ណ្ណផងដែរ ។
កិច្ចព្រមព្រៀងដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងត្រូវរាយការណ៍ទៅឲ្យមេដឹកនាំរបស់ពួកគេ ដែលត្រូវចូលរួមកិច្ចប្រជុំកំពូល G20 គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន ៕