ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀនតាមរថយន្តដឹកទំនិញធុនធំមួយករណី ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបានលោតចុះពីរថយន្តហើយរត់គេចខ្លួនពួនក្នុងព្រៃនៅមិនទាន់រកឃើញនៅឡើយ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ។
លោករស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា៖មុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះសមត្ថកិច្ចជំនាញបានតាមដានឃ្លាំមើលយូរមកហើយលុះដល់វេលាម៉ោងខាងលើពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំយ៉ាងលឿនដើម្បីគេចខ្លួនសមត្ថកិច្ចបានសម្រេចប្រើអាវុធបាញ់បំបែកកង់មុខតែម្តង ពេលរថយន្ដត្រូវបានបញ្ឈប់ល្បឿនអ្នកបើកបរបានលោតចុះហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ ។ ពេលនោះកម្លាំងជំនាញ់បានដេញតាមរកនៅក្នុងព្រៃនោះដែរ ប៉ុន្តែជនសង្ស័យនោះបានគេចខ្លួនបាត់ទៅហើយសមត្ថកិច្ចបានបន្តស្វែងរករហូតដល់ម៉ោង២ និង០០នាទីទៅហើយនៅតែមិនឃើញ ។
ពេលដែលកម្លាំងជំនាញ់ឆែកឆេរក្នុងរថយន្តបានរកឃើញវត្ថុតាងមួយចំនួនមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសាធាតុញៀនចំនួន១០កញ្ចប់តូច , ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរជារបស់ជនសង្ស័យមានឈ្មោះ ម៉ិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ