ភ្នំពេញ ៖ លោក ងិន ពេជ្រ ព្រះរាជ អាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បាន ចេញដីកាកោះហៅ លោក នៅ សាត ប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាល ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ឲ្យចូលទៅបំភ្លឺ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
តំណាងអយ្យការ បានចេញដីកាកោះ លោក នៅ សាត បច្ចុប្បន្នស្នាក់នៅផ្ទះ លេខ១៧ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺពាក់ព័ន្ធ ដំណើររឿង ដែលប្រជាពលរដ្ឋប្តឹងពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារ ប្រើប្រាស់លិខិត និងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២២០៩ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា ពលរដ្ឋចំនួន ៤គ្រួសារ បានទិញដីទំហំ ៨៣ហិកតា មានទីតាំងនៅក្នុងភូមិជើងព្រៃ និងភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីឆ្នាំ២០០៧-២០០៨ ដោយមានលិខិតទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។
ពាក្យបណ្តឹងបន្ថែមថា លោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ និងលោក នៅ សាត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុក កណ្តាលស្ទឹង បានសមគំនិតជាមួយឈ្មោះ នៅ ភារម្យ ក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែ របស់ជនរងគ្រោះ ជាច្រើន កន្លែងដូចជា៖
-ឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែ ចុះ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ នៅ ភារម្យ ទៅឲ្យឈ្មោះ អៀ ម៉េងឃីម។
-ឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាង ឈ្មោះ នៅ ភារម្យ និងឈ្មោះ ប្រាក់ លីម។
-ឯកសារប្រគល់ដីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ នៅ ភារម្យ និង ឈ្មោះថេង គឹមសាយ
-ឯកសារប្រគល់ដីចុះនៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០០៩ រវាងឈ្មោះ នៅ ភារម្យ និងឈ្មោះ ម៉ែន ស៉ីឌីន។
ពាក់ព័ន្ធករណីប្រជាពលរដ្ឋប្តឹង លោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ, លោក នៅ សាត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុក កណ្តាលស្ទឹង និងមនុស្សមួយចំនួនពាក់ព័ន្ធ រឿងក្លែងឯកសារដីធ្លីលួចយកទៅលក់នេះ ភ្នាក់ងារកាសែតនគរវត្ត ពុំអាចសុំការបញ្ជាក់ពីលោក ហៀង ប៊ុនថុល និងលោក នៅ សាត បាននៅឡើយទេ៕ ហេង នរិន្ទ្រ