ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅបំផុតដោយកូនក្មួយនិស្សិតដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងពលរដ្ឋខ្មែរដែលរស់នៅទីនេះ

ចែករំលែក៖

ប្រទេសហុងគ្រី៖ នៅថ្ងៃទី ១៣ មិថុនា ក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ គឺមានកូនក្មួយជានិស្សិត និងបងប្អូនខ្មែរដែលបានមករស់នៅក្នុងប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ ១៩៨២ មក បានមកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត។ កូនក្មួយនិស្សិតបានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោបានផ្តល់ឱកាសអោយបងប្អូនកូនក្មួយបានជួបសំណេះសំណាលនិងសួរសុខទុក្ខ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបានមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេអោយបានល្អ។

តាមពិតទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរសម្តេចពញ្ញាចក្រី ហេង សំរិន នៅប្រទេសនេះ៨ដងមកហើយ គិតចាប់ពីឆ្នាំ ១៩៧៩ -១៩៨៤ ដែលនៅពេលនោះ សម្តេចតេជោ ជារដ្ឋមន្រ្តីការបរទេស។ នេះជាលើកទី៩ ហើយក៏ជាលើកទី១ ផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕


ចែករំលែក៖