ព័ត៌មានទាន់ហេតុការណ៍៖

សត្វទង់ និងសត្វត្រដក់៣ក្បាល ជាប្រភេទសត្វកំពុងរងការវិនាសផុតពូជ ត្រូវបានមន្រ្តីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃយកមកព្រលែងនៅឧទ្យានតំបន់ការពារទេសភាពអាងត្រពាំងថ្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សត្វទង់ និងសត្វត្រដក់សរុប៣ក្បាលជាប្រភេទសត្វដែលកំពុងរងការវិនាសផុតពូជដោយក្រុមព្រានព្រៃលួចបរបាញ់ ត្រូវបានមន្រ្តីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃមានឈ្មោះ WCS និងអង្គការACCB នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ យកកមកព្រលែងនៅឧទ្យានតំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីការពារអភិរក្សឲ្យបានគង់វង្ស ។ សត្វទាំង៣ក្បាលនោះមានសត្វទង់១ក្បាល និងសត្វត្រដក់តូច២ក្បាល ។

ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម លី បានប្រាប់ឲ្យដឹងថា សត្វទាំង៣ក្បាលខាងលើត្រូវបានអង្គការអភិរក្សសត្វព្រៃឈ្មោះ WCS និងអង្គការACCB យកមកពីខេត្តសៀមរាប ហើយលែងនៅតំបន់ការពារអភិរក្សក្នុងឧទ្យានតំបន់ការពារទេសភាពអាងត្រពាំងថ្ម ។ អង្គការទាំង២នេះកាលពីកន្លងមកក៏បានយកសត្វត្រដក់២ក្បាលមកព្រលែងមួយដងរួចមកហើយ ដើម្បីរក្សាការពារបញ្ចៀសការបរបាញ់ពីព្រានព្រៃ ។

លោកប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងទៀតថា ប្រភេទសត្វទង់, ក្រៀល, ក្រសា, ត្រដក់ ជាពួកសត្វត្រូវបានក្រសួងបរិស្ថានការពារអភិរក្ស ដើម្បីទុកសម្រាប់បំរើលើវិស័យទេសចរ ។ ពពួកសត្វទាំងនេះភាគច្រើនរស់នៅក្នុងតំបន់ព្រៃរនាម និងនៅតាម ស្ទឹង បឹង ទន្លេ ហើយវាស៊ីសត្វត្រីជាអាហារ ។ ពពួកសត្វទាំងនោះផងដែរខេត្តបន្ទាយមានជ័យមាន៣កន្លែងសម្រាប់ការពារអភរិក្ស និងកន្លងមកមន្រ្តីបរិស្ថានក៏បានសហការជាមួយ និងអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យនាំគ្នាការពារ និងអប់រំហាមឃាត់មិនឲ្យប្រជាពលរដ្ឋនាំគ្នាបរបាញ់សត្វទាំងនោះឡើយ ។ ពីព្រោះសត្វទាំងនោះកំពុងរងការវិនាសផុតពូជ បើសិនគ្មានវិធានការការពារទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ ។

ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម លី បញ្ជាក់ឲ្យដឹងទៀតថា កិច្ចការងារការពារអភិរក្សពពួកសត្វទង់, ក្រៀល, ក្រសា, ត្រដក់, កាលពីកន្លងទៅនេះមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពអាងត្រពាំងថ្មបានចុះល្បាតចំណុចត្រពាំងតាមុក និងជួបប្រទះជនខិលខូចប្រព្រឹត្តបទល្មើសដើរឆ្លុះសត្វ និងបានឃាត់ខ្លួន៦នាក់យកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបរបាញ់សត្វព្រៃអភិរក្ស និងដកហូតកាំភ្លើងខ្យល់៥ដើមហើយដោះលែងពួកគេឲ្យត្រឡប់ទៅផ្ទះវិញ ៕ សំ វិច្ឆិកា


ចែករំលែក៖